(សៀមរាប)៖ ក្រុមយុវសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឈ្នះពានរង្វាន់លេខ១ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ក្រោមប្រធានបទ «យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ» ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយ Fresh News នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោក លោក ប្រន ប្រេម នាយកវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានឱ្យដឹងថា ការដាក់ពាក្យប្រឡងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ មានរយៈពេលជិត ០១ឆ្នាំមកហើយ ដោយមានសិស្សនៅវិទ្យាល័យ មកពី ២៥រាធានី ខេត្ត ចូលរួម និងឆ្លងកាត់ជាច្រើនដំណាក់កាល ដោយជម្រុះជាក្រុមៗរហូតដល់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ។
ដោយឡែកចំពោះកម្មវិធីជជែកដេញដោលនេះ លោកគ្រូធ្លាប់បានបង្ហាត់បង្រៀនពីមុនមករួចហើយ ឃើញក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំកម្មវិធីប្រឡងក្រោមប្រធានបទ «យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ» លោកគ្រូក៏បានជំរុញឱ្យសិស្សដាក់ពាក្យប្រឡង។ ក្រុមសិស្សដែលទៅប្រឡង មានគ្នាចំនួន ០៥នាក់ ស្រី០៤នាក់ និងប្រុស០១នាក់។
ទន្ទឹមនឹងនោះ លោកបន្តថា ក្នុងនាមលោកជានាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងវិទ្យាល័យ មានការសប្បាយរីករាយជាខ្លាំង នៅពេលឃើញមិត្តរួមថ្នាក់ និងរួមវិទ្យាល័យ បានឈ្នះពានរង្វាន់លេខ១។
ជាមួយនេះដែរ លោកគ្រូបានបញ្ជាក់ថា នៅឆ្នាំក្រោយៗគឺតម្រូវឱ្យក្រុមសិស្សដែលបានឈ្នះពានរង្វាន់លេខ១ បង្ហាត់បង្រៀនអំពីរបៀបរបបនៃការប្រឡងដល់សិស្សជំនាន់ក្រោយ ដើម្បីឱ្យពួកគាត់ទៅចូលរួម និងពាំនាំមកនូវជ័យលាភី ដល់វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក៏ដូចជាលើកមុខមាត់ខេត្តសៀមរាបផងដែរ៕