(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានក្លាយជាក្រុមហ៊ុនទី៤នៅកម្ពុជា ដែលហក់ចូលក្នុងផ្សារភាគហ៊ុននឹងបាន បើកឲ្យមានការជួញដូរជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។
តម្លៃបោះផ្សាយមូលបត្រជាលើកដំបូង (IPO) របស់ PPSEZ មានចំនួន២៨៦០រៀលក្នុងមួយហ៊ុន។ នៅថ្ងៃដំបូងនៃការចូលផ្សារ ភាគហ៊ុនជួញដូរនេះ ថ្លៃបើកទីផ្សាររបស់ PPSEZ ថ្លៃ២៩៨០រៀលក្នុងមួយភាគហ៊ុន។
លោកស្រី ឧកញ៉ា លឹម ឈីវហូរ ប្រធានក្រុមហ៊ុនភ្នំពេញ PPSEZ Plc. បានចាត់ទុកការចូលទីផ្សារភាគហ៊ុននេះ គឺដើម្បីបន្តភាព រីកចម្រើន ស្របតាមគោលដៅទាក់ទាញ សម្រាប់ការវិនិយោគ ឲ្យបានកាន់តែច្រើន និងក៏ដើម្បីនាំឧស្សាហកម្មរបស់កម្ពុជានៅពេល អនាគត។
លោកស្រីបញ្ជាក់ទៀតថា ក្រុមហ៊ុនគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ច ពិសេសមួយទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយសារតែទីតាំងនេះ ជាទីតាំងល្អជាប់ព្រំដែនជាមួយប្រទេសថៃ អំណោយផលល្អដល់វិស័យឧស្សាហកម្ម។
PPSEZ មានក្រុមហ៊ុន និងរោងចក្រកំពុងវិនិយោគចំនួន ៧៦ ក្នុងនោះ មាន៤៣ក្រុមហ៊ុនជារបស់ជប៉ុន។
លោក ហុង សុហួរ ប្រធានក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានថ្លែងថា PPSEZ ជាក្រុមហ៊ុនទី៤ហើយ ដែលចូលក្នុងទីផ្សារភាគហ៊ុន កម្ពុជា បន្ទាប់ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ។ លោកមានការជឿជាក់ថា ការចុះបញ្ជីក្រុមហ៊ុនទី៤នេះ នឹងជំរុញនូវសកម្មភាពនិងទំហំ ជួញដូរបន្ថែមទផត នៅក្នុងទីផ្សារភាគហ៊ុន។
គួរបញ្ជាក់ថា ការជួញដូរភាគហ៊ុននៅកម្ពុជា ត្រូវបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០១២។ បើទោះបីជាវិស័យនេះចាប់ផ្តើមបាន៤ឆ្នាំ យ៉ាងណាក្តី ក៏វិស័យនេះនៅមានភាពក្មេងខ្ចីនៅឡើយ ដោយប្រជាពលរដ្ឋខ្មែរ ហាក់ដូចជានូវយល់ដឹងតិចតួច។
បច្ចុប្បន្នក្រុមហ៊ុនចំនួន៤ កំពុងជួញដូរភាគហ៊ុនរបស់ខ្លួន ក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនដំបូងគេ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្រុមហ៊ុន កាត់ដេរក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី , កំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ៕