(ភ្នំពេញ)៖ រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលវិភាគទាន ចំនួន១០,០០០ដុល្លារ ពីក្រុមហ៊ុន SOMA Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដឹកនាំដោយ លោកស្រី ចម ក្រស្នា អគ្គនាយិកា ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ លោកស្រី ចម ក្រស្នា អគ្គនាយិកា និងសហការី ដែលបានចូលរួមដល់ការងារមនុស្សធម៌ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន តាមរយៈកម្មវិធីសំខាន់ចំនួន៣ ដើម្បីរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអប់រំ បរិស្ថាន និងសុខភាពអនាម័យ ព្រមទាំងបានចាត់ទុកទឹកចិត្តនេះ គឺគ្មានទំហំ និងគ្មានចំនួនទេ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៥ គ្មានគ្រាប់មីនរបស់កម្ពុជា គឺជាការងារដែលអាចសម្រេចបាន ប្រសិនបើយើងទាំងអស់បន្តចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដោះស្រាយបញ្ហាគ្រាប់នៅកម្ពុជា។
លោកស្រី ចម ក្រស្នា បានលើកឡើងថា ការរួមចំណែកនេះ គឺឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងធ្វើឲ្យប្រទេសកម្ពុជាគ្មានមីនឆ្នាំ២០២៥ ខាងមុខនេះ។ លោកស្រីអគ្គនាយិកា មានសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងអាចសម្រេចបានតាមគោលដៅកំណត់ ក្នុងពេលឆាប់ៗខាងមុខនេះ៕