(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញទទួលអំណោយពី លោកវីរសេនីយ៍ឯក ភិស្ណុ សារធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ ព្រមទាំងតំណាងក្រុមហ៊ុនសហគ្រាសចំនួន៨ រួមមានជា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ដើម្បីទុកជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។

លោកស្រី បាន ស្រីមុំ ក៏បានថ្លែងអំណរគុណដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុន វិស័យឯកជន ប្រទេសថៃ មួយចំនួន ដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងបាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តប៉ៃលិន នាពេលនេះ ។

លោកស្រីអភិបាលខេត្តប៉ៃលិន បានបន្ថែមថា នេះគឺបានបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍ ជនជាតិអ្វីឡើយ ពិសេសគឺការ ស្រឡាញ់ រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមកស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនង ផ្សេងៗ។

លោកស្រី បាន ស្រីមុំ បានបញ្ជាក់ដែរថា ខេត្តប៉ៃលិនតែងស្វាគមន៍រាល់វិយោគិន តូច ធំ ទាំងអស់ដែលចង់មករកស៊ី អភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យកាន់តែសម្បូរបែប និងស៊ីវិល័យថែមទៀតផង៕