(ភ្នំពេញ)៖ ចោរឆក់ម្នាក់ ត្រូវបានកម្លាំងសន្តិសុខដេញតាមឃាត់ខ្លួនភ្លាមៗ ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពឆក់យក iPad ពីជនរងគ្រោះបានសម្រេចតែរត់មិនរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខB២១ ផ្លូវV១៦ ក្រុមទី២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍សង្កែ បានបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះកំពុង អង្គុយលេងលើបង់មុខផ្ទះ ដោយទុក iPad នៅលើផ្លូវរបស់ខ្លួន ខណៈនោះស្រាប់តែលេចមុខជនត្រូវសង្ស័យម្នាក់ ជិះម៉ូតូម៉ាក HONDA ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CQ-1792 មកឈប់ក្បែរជនរងគ្រោះ ចុះដើរមកធ្វើសកម្មភាពឆក់ iPadភ្លាមៗពីជនរងគ្រោះ រួចរត់ឡើងម៉ូតូដើម្បីគេចខ្លួន។
ប៉ុន្តែជនសង្ស័យជាចោរឆក់រត់មិនរួចឡើយ ពីព្រោះត្រូវជនរងគ្រោះស្រែកថា ចោរផ្អើលឆោរឡោដល់កម្លាំងសន្តិសុខដែលយាមកាមនៅបុរី និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ សហការដេញតាមឃាត់ខ្លួនក្របួចជនសង្ស័យ ជាចោរឆក់ភ្លាមៗផងដែរ រួមទាំងដក ហូតម៉ូតូ១គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព។
មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្ក បានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ស៊ិន នូវីសា ភេទស្រី អាយុ៦៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាចោរឆក់ឈ្មោះសន រី ហៅសានរី អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ៩០៧ ក្រុម១៥ ភូមិទួលសង្កែ សង្កាត់ទួលសង្ក ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែបានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួន ជនសង្ស័យជាចោរឆក់ កម្លាំងសមត្ថកិច្ចបានប្រគល់ iPad ១គ្រឿងជូនជនរងគ្រោះវិញផងដែរ។ ដោយឡែក ជនសង្ស័យជាចោរឆក់រួមជាមួយវត្ថុតាងមានម៉ូតូ១គ្រឿង ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ធ្វើការបញ្ជូនទៅឃុំខ្លួនបន្តនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕