(ព្រៃវែង)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយការងារគ្រប់គ្រងសំណល់វេជ្ជសាស្ដ្រនៅកម្ពុជា បានលើកឡើងថា ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ មិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងរុក្ខជាតិ។
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្ដទៀតថា ដោយបានការយកចិតទុកដាក់ខ្ពស់រវាងក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ដើម្បីធ្វើការរួមគ្នាក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តឲ្យមានស្តង់ដា ក្នុងនោះយើងសហការជាមួយក្រុមហ៊ុន ប៊ុន លាង លី គ្លូបប៊ល ក្នុងការប្រមូលសំណល់វេជ្ជសាស្រ្តនេះ ដើម្បីដុតកម្ទេចចោល។ លោកថា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងរយៈពេលកន្លងមកនេះការគ្រប់គ្រងសំរាម និងកាកសំណល់រឹង នៅតាមទីប្រជុំជនមានការប្រសើរឡើង។
លោកបានបន្ថែមថា សំណល់វេជ្ជសាស្រ្តជាសំណល់ ដែលត្រូវបានបង្កើតឡើងពីគ្រប់គ្រឹះស្ថានថែទាំសុខភាព មូលដ្ឋានព្យាបាល និងថែទាំសុខភាព ដែលបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិត មនុស្ស សត្វ និងរុក្ខជាតិតាមរយៈការបង្កការពុល ការចម្លងរោគ និងការរាតត្បាតនៃជំងឺជាដើម ប្រសិនបើគ្មានការគ្រប់គ្រង និងទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ។
លោកបន្តថា សំណង់វេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា កំពុងតែមានបញ្ហាប្រឈម និងបង្កគ្រោះថ្នាក់ ដោយសារតែមិនទាន់មានការរៀបចំឲ្យបានត្រឹមត្រូវជាពិសេសនៅតាមបណ្តា ខេត្តមួយចំនួន និងនៅតាមបណ្ដាស្រុក គ្លីនិកថែទាំសុខភាពឯកជន ដែលមិនបានរៀបចំឲ្យបានត្រឹមត្រូវ នៅសំណល់វេជ្ជសាស្ត្រ ដោយដាក់លាយឡំជាមួយនឹងសំណល់ធម្មតា។ ដូច្នេះអាចបង្កជាគ្រោះថ្នាក់ដល់មនុស្សសត្វរុក្ខជាតិជាដើម ហើយក៏មិនទាន់មានឡដុតកម្ទេចនៅកាកសំណល់វេជ្ជសាស្ត្រនេះផងដែរ។
ដោយឃើញថាបញ្ហាទាំងអស់នេះ ក្រសួងបរិស្ថានដែលមាន លោក សាយ សំអាល់ ជារដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុនដៃគូក្រុមហ៊ុនឯកជន ដើម្បីធ្វើការប្រមូលនៅសំណល់វេជ្ជសាស្ត្រនេះដើម្បីដុតកម្ទេចចោល ចៀសវាងការបង្កនូវគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ។
សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងដើម្បីរៀបចំទុកដាក់រាល់កាកសំណល់វេជ្ជសាស្រ្តទាំងអស់ឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមអ្នកប្រមូលសំរាម និងត្រូវដុតកម្ទេចចោលឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានផលបះពាល់ដល់សុខភាព ប្រជាពលរដ្ឋ៕