(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាងកាលពីវេលាម៉ោង ២០៖៤៥នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅវេលាម៉ោង ២០៖៤៥នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារ សន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង ហើយក៏បានប្រទះឃើញមនុស្សប្រុសម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងរបស់លោកហៅមកសួរនាំស្រាប់តែជនសង្ស័យខាងលើស្ទុះរត់គេចខ្លួន តែត្រូវកម្លាំងលោកឃាត់ខ្លួនបានភ្លាមៗ និងធ្វើការឆែកឆេរលើដងខ្លួនលើបុរសនោះឃើញមានគ្រឿងញៀនប្រភេទទឹកកកចំនួន០១កូនថង់កិបទម្ងន់ ១.៤៧ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមក្បឿងចំនួន០៥គ្រាប់ ទម្ងន់០,៤៨ក្រាម, ម៉ូតូ១គ្រឿង រួមនឹងសម្ភារមួយចំនួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ទៀតថា ជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ ប៉ក់ ស៊ីណា អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យរូបនេះ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកគ្រឿងញៀនខាងលើមកលក់ដូរ និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២នេះ៕