(ព្រៃវែង)៖ មន្ទីរអភិវឌ្ឍន៍ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីអំពីលទ្ធផលផ្ទាល់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តព្រៃវែង ដែលមន្ទីរអភិវឌ្ឍន៍ខេត្តបានសម្រេចបាន រយៈពេលកន្លងមកនេះ។ ខេត្តព្រៃវែងជាខេត្តទី២ បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលបន្ទាប់ពីខេត្តស្វាយរៀង។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្ត និងមានការចូលរួមពីលោក ជឹម ចរណៃ ទីប្រឹក្សាឯករាជ្យ ព្រមទាំងលោកលោកស្រីប្រធានអង្គការភ្លែនអន្តរជាតិ ប្រចាំកម្ពុជា (plan) ប្រធានអង្គការ(EMW) ប្រធានអង្គការ (Unicef) ប្រធានអង្គការ(Water Aid) ប្រធានអង្គការ(IDE) ព្រមទាំង មន្ទីរអង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការដៃគូអភិវឌ្ឍន៍ សមាជិក សមាជិកា ជាច្រើនរូប។
ក្នុងនោះលោក ឡុក វុទ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរាយការណ៍ថា ខេត្តព្រៃវែង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារផ្គត់ផ្គង់ទឹក ការសស្អាត និងអនាម័យជនបទមានការរីកចំរើនជា បន្តបន្ទាប់គួរ ឲ្យកត់សម្គាល់ មកដល់ពេលនេះអណ្តូងសរុបក្នុងខេត្តមានចំនួន ១៩៧.២៧៣ អណ្ដូង ស្ថានីយ៍ចែកចាយ ទឹកសហគមន៍មាន១កន្លែង និងស្ថានីយ៍ផលិតទឹកពិសារសហគមន៍ដែលគាំទ្រដោយអង្គការដៃគូមានចំនួន ៣១កន្លែង។
លោកបានបន្តថា ប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រមាណ៨៨% ស្មើនឹង ២៣៧.១៨៧ គ្រួសារ ហើយគ្រួសារដែលពុំ ទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់មានប្រមាណ ២២% ស្មើនឹង ៥២.១០៩ គ្រួសារ ក្នុងនោះគ្រួសារដែលបានបន្សុត ទឹក និងហូបទឹកសុវត្ថិភាពមានប្រមាណ៧៧%។ ចំពោះផ្នែកអនាម័យក្នុងទូទាំងខេត្ត មានបង្គន់អនាម័យសរុបចំនួន ២២៨,៦៥៤ បង្គន់ ស្មើនឹង ៩៤.១០% ហើយខ្នងផ្ទះប្រើប្រាសបង្គន់រួមចំនួន ១៤,៣៣៦ ខ្នង ស្មើនឹង ៥,៩០%។
លោកប្រធានមន្ទីរបានបន្តថា បើគិតត្រឹមថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ អត្រាគ្របដណ្ដប់អនាម័យមានសន្ទុះកើនឡើង ១០០% ទូទាំងខេត្តលទ្ធផលនេះគឺអាស្រ័យដោយមានការជួយគាំទ្រ និងកិច្ចការល្អជាមួយនឹងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍ក្រោមការជួយសម្របសម្រួលពីក្រសួងអភិវឌ្ឍន៍ជនបទរដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
ថ្លែងនៅក្នុងឱកាសនោះលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ និងក្នុងនាមក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថា្នក់ជាតិ។ លោក សូមចូលរួមអបអរសារទ និងសំដែងនូវសេចក្តីសោមនស្ស រីករាយក្រៃលែងជាមួយខេត្តព្រៃវែង ដែលបានប្រកាសផ្ទៃក្នុងជាខេត្ត ODF ទី២នៅកម្ពុជា បន្ទាប់ពីខេត្តស្វាយរៀង។ ឆ្លងកាត់ការផ្ទៀងផ្ទាត់ វាយតម្លៃរយៈពេលមួយសប្តាហ៍ កន្លងមកនេះ។
លោកបណ្ឌិតបន្តថា ជាការពិតណាស់ ទម្លាប់រស់នៅគ្មានអនាម័យ និងការបន្ទោបង់ពាសវាលពាសកាល បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាព ជាពិសេសធ្វើឱ្យ កុមារកើតជម្ងឺក្រិន និងប៉ះពាល់ដល់ការលូតលាស់ ទាំងសារពាង្គកាយ និងបញ្ញាស្មារតី របស់ពួកគេថែម ទៀត។ហើយ ការបន្ទោបង់របស់មនុស្សពិតជាសំខាន់ណាស់ មនុស្សយើងអាចអត់ទ្រាំមិន ទទួលទានអាហារបានរាប់ម៉ោង តែមិនអាចពន្យាការបន្ទោបង់បានរាប់ម៉ោងនោះទេ។
លោកបានបន្ថែមថា ការបន្ទោបង់ មិនត្រឹមសំខាន់សម្រាប់តែសុខភាពប៉ុណ្ណោះទេ តែវាក៏សំខាន់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់មនុស្សផងដែរ។ ជាទូទៅទោះបីយើងមានការហូបចុកគ្រប់គ្រាន់ មានទ្រព្យស្ដុកស្ដម្ភ យ៉ាងណាក៏ដោយ តែបើរស់នៅខ្វះអនាម័យ មិនមានបង្គន់អនាម័យត្រឹមត្រូវ បន្ទោបង់ពាសវាលពាសកាល ក្រៅតែពីប៉ះពាល់សុខភាព វាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ទេសចរណ៍ កិត្តិយស និង សេចក្ដីថ្លៃថ្នូរថែមទៀត។ ជាតិសាសន៍មួយរស់នៅគ្មានអនាម័យ មិនអាចក្លាយជាជាតិសាសន៍មាន អរិយធម៌បានទេ ខ្មែរយើងកាលពីសម័យអង្គរ អាចចាត់ទុកថា ជាជាតិសាសន៍មួយរស់នៅមានអនាម័យដែរ ដោយយើងឃើញមានបន្សល់ទុកនូវស្លាកស្នាមបង្គន់អនាម័យ (បង្គន់ចាក់ទឹកជាដើម)។
លោកបណ្ឌិត បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខភាពអនាម័យរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បានដាក់បញ្ចូលវិស័យអនាម័យជនបទជាអាទិភាព មួយក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិ ហើយបានរៀបចំយន្តការ និងដាក់នូវគោលនយោបាយផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ដើម្បីសម្របសម្រួល និងរួមគ្នាអនុវត្ត និងកែលម្អ លើកកម្ពស់សេវា អនាម័យជនបទឈានទៅសម្រេចបានអនាម័យ១០០% សម្រាប់ទាំងអស់គ្នានៅឆ្នាំ២០២៥ ខាងមុខ៕