(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវក្រុមចោរប្លន់៤នាក់ ជិះម៉ូតូ២គ្រឿង មកកៀរឲ្យឈប់ រួចដកកាំភ្លើងភ្ជង់ និងវាយប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាព នៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចជាប់របងវត្តទួលសង្កែស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌួង វាសនា អាយុ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅផ្ទះជួល ក្រោយវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិនរាយណ៍ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកម៉ូតូដែលត្រូវចោរប្លន់នោះម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌្មខ្មៅ ពាក់ស្លាកលេខក្រចេះ1B-4542 ជារបស់ ប្អូនប្រុសឈ្មោះ ញ៉ែម ហោស៊ី អាយុ២៣ឆ្នាំ ជានិស្សិតស្នាក់នៅ វត្តសារ៉ាវ័ន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីផ្ទះបង នៅម្តុំទីលានវាយកូនគោល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីយកម៉ូតូមកឲ្យប្អូនប្រុសវិញ ខណៈជិះបានពាក់កណ្ដាលផ្លូវ ត្រង់ចំណុចជាប់របងវត្តទួលសង្កែ ក៏ស្រាប់តែមាន ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បានជិះមកកៀរហើយវ៉ៃឲ្យធ្លាក់ពីលើម៉ូតូ និងដកកាំភ្លើងខ្លី មកភ្ជង់ប្លន់យកម៉ូតូទៅបាត់។
ប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បាននិយាយថា ភូមិសាស្ត្រនៅកន្លែងប្លន់ ជាទីតាំងស្មុគស្មាញណាស់ គួរតែសមត្ថកិច្ចចុះល្បាត ឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ មិនមែនកើតរឿងជិតមួយម៉ោងហើយ មិនទាន់ឃើញសម្ថកិច្ចមកដល់នោះទេ នេះសំណាងហើយបានអ្នករត់ម៉ូតូឌុបជូនជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងបើចាំសមត្ថកិច្ច ចុះមកដល់វិញច្បាស់ជាជនរងគ្រោះមិនដឹងជាយ៉ាងណានោះទេ ព្រោះតែរង់ចាំយូរពេក ណាមួយជនរងគ្រោះមិនស្គាល់ប៉ុស្តិ៍នគរបាល ផង។ បើជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងច្បាស់ជាសម្ថកិច្ចមិនបានដឹងទេថា ក្នុងទឹកដីខ្លួនគ្រប់គ្រង់មានរឿងអ្វីខ្លះកើតឡើង នោះទេ៕