(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ ដោយជោគជ័យដែលបាននាំមកនូវមហាកិត្តិយសសម្រាប់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ បានប្រកបដោយផ្លែផ្កា ទោះបីជាពិភពលោក កំពុងស្ថិតក្រោមសម្ពាធនៃកូវីដ ១៩ផង និងភាពតានតឹងជាច្រើនទៀត ដែលពុំធ្លាប់មានពីមុនក៏ដោយ។ នេះគឺជាមោទនភាពដ៏ធំធេងណាស់ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ ហើយដែលត្រូវបានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានរៀបចំផលិតវីដេអូផ្លូវការ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្រោមចំណងជើងថា «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្លុះបង្ហាញពីមោទនភាពជាតិខ្មែរ»។
មន្ត្រីជាន់ខ្ពស់តំណាងប្រទេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូសុទ្ធសឹងតែបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកម្ពុជាដែលបានរៀបចំកិច្ច ប្រជុំនេះបានយ៉ាងល្អ ពោលគឺល្អទាំងពិធីរៀបចំបដិសណ្ឋាករកិច្ចចំពោះភ្ញៀវ ទាំងសន្តិសុខ សុវត្ថិភាព ទាំងការស្នាក់នៅ និងការប្រព្រឹត្តិទៅនៃកិច្ចប្រជុំ។ ជោគជ័យនេះពិតជាបានបន្សល់ ទុកឲ្យព្រះរាជាណាចក្រកម្ពុជានូវមោទនភាពជាតិ និងកិត្យានុភាពល្បីរន្ទឺ នៅលើឆាកតំបន់ និងអន្តរជាតិ។
មានកត្តាច្រើនយ៉ាងដែលបានអនុញ្ញាតឲ្យកម្ពុជា អាចរៀបចំកិច្ចប្រជុំថ្នាក់តំបន់ដែលមានការចូលរួម ពីដៃគូអន្តរជាតិជាច្រើនទៀត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ។ លើសពីលទ្ធផលនៃកិច្ចប្រជុំ ឥស្សរជនបរទេសទាំងអស់ ដែលបានអញ្ជើញមកដល់កម្ពុជាសុទ្ធតែបានពាំនាំយកទៅ ជាមួយនូវអនុស្សាវរីយដ៏ល្អៗពីកម្ពុជា បន្ទាប់ពីបានមើលឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍន៍ ដ៏ស្រស់បំព្រងរបស់ប្រទេសនេះ។
នេះគឺជាមោទនភាពយ៉ាងក្រៃលែង របស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
សូមទស្សនាវីដេអូ៖