(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានស្នើឱ្យក្រសួង-ស្ថាប័ន ដែលជាម្ចាស់គម្រោងថ្មីសរុប ១៣គម្រោង ក្រោមការគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងសម្រាប់ឆ្នាំ២០២២ ផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងគណនេយ្យភាព ក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងបរិបទសភាពការណ៍អន្តរជាតិដែលមានភាពមិនប្រាកដប្រជា និងតាមគន្លងប្រតីភាពថ្មីក្រោយជំងឺកូវីដ-១៩។
ការលើកឡើងបែបនេះរបស់ លោក សុខ សូកេន បានធ្វើឡើងនាឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមចាប់ផ្តើមអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត សុក ស៊ីផាន់ណា ប្រធានលេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចែករំលែកទស្សនៈដល់ក្រសួង-ស្ថាប័ន ដើម្បីពិចារណាក្នុងការគិតគូលើកគម្រោងអាទិភាពដែលកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ ជាពិសេសក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ កន្លងទៅនេះ ដើម្បីចាប់យកកាលានុវត្តភាពបន្ថែមពីស្ថានភាពទាំងនោះ ក្នុងការត្រៀមលើកគម្រោងបន្តនៅឆ្នាំក្រោយៗទៀត ក្រោមយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីបន្តផ្តល់ផលប្រយោជន៍ដល់កម្ពុជា។
លោក សុខ សូកេន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម ជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ជាពិសេស តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងចំនួន១៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ៤,៣លានដុល្លារអាមេរិក ដែលគាំទ្រដល់សកម្មភាពក្នុងវិស័យអាទិភាពសំខាន់ៗរួមមាន៖ អភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ជាដើម។
បន្ថែមពីនេះទៀត លោក សុខ សូកេន ក៏បានអបអរសាទរដល់ស្ថាប័នដែលជាម្ចាស់គម្រោងទាំង១៣ ដែលទទួល បានការគាំទ្រពីមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២២ និងស្នើឱ្យធានានូវការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងសម្រេចបាននូវលទ្ធផលគម្រោងតាមការរំពឹងទុក៕