(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាស អំពីការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២។
ពិព័រណ៍នេះនឹងធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទីយប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ព្រមទាំងបើកឱ្យដាក់ពាក្យស្វែងរកការងារ តាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័រពិព័រណ៍ការងារ www.careerfair.nea.gov.kh។
តាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ២០២២នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បី៖
១៖ បង្កើតជាវេទិកាប្រមូលផ្ដុំឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅមួយកន្លែងងាយស្រួល និងអាចចូលមើលតាមប្រព័ន្ធអនឡាញពីគ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល
២៖ និយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាពជំនាញ និងសក្តានុពលស្របតាមតម្រូវការ
៣៖ អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ និងតាមប្រព័ន្ធអនឡាញព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនាញ
៤៖ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ
៥៖ លើកកម្ពស់ការយល់ដឹង និងបណ្ដុះគំនិតអំពីការបង្កើនផលិតភាពតាមរយៈសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយវាគ្មិនជាតិ-អន្ដរជាតិល្បីៗ
៦៖ បង្កើតវេទិកាសម្រាប់ពង្រីកបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស (HR Networking)៕