(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ពិធីសែនក្បាលទឹក បានបង្ហាញឱ្យឃើញពីសញ្ញាណដ៏ល្អមួយ នៃទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងចិនតាមរយៈការគោរពប្រតិបត្តិពហុជំនឿ សាសនា និងប្រពៃណីវប្បធម៌។
ពិធីសែនក្បាលទឹកឆ្នាំនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន រៀបចំសែនជារៀងរាល់ឆ្នាំ។ ដោយឆ្នាំនេះ ពិធីសែនក្បាលទឹកត្រូវនឹងថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ហើយក៏ត្រូវនឹងថ្ងៃសីល និងពេញបូណ៌មី។
លោកបណ្ឌិត ជា មុនីឫទ្ធិ បញ្ជាក់ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២នេះ ទំនៀមទំលាប់ វប្បធម៌ នៃពិធីសែនក្បាលទឹកនេះ មិនមានប្រភពណាមួយបញ្ជាក់ថា កើតឡើងពីពេលណានោះទេ ប៉ុន្តែពិធីនេះបាននាំចូលប្រទេសកម្ពុជា ដោយជនជាតិចិនទៀជីវមករស់នៅកម្ពុជា តាមដងទន្លេមេគង្គចាប់ពីសតវត្សទី១៥មកម្លេះ ដោយច្របាច់បញ្ចូលជាមួយ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផងដែរ។ លោកបណ្ឌិត បញ្ជាក់ថាពិធីសែនក្បាលទឹក បានបង្ហាញឱ្យឃើញពីសញ្ញាណដ៏ល្អនៃពហុជំនឿ និងទំនាក់ទំនងរបស់ប្រជាជនកម្ពុជានិងចិន តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ។
លោកលើកឡើងដូច្នេះថា៖ «ពិធីនេះជាសញ្ញាណនៃទំនាក់ទំនងដ៏ល្អ រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ បានផ្សាភ្ជាប់ពីទំនាក់ទំនង ការផ្សាភ្ជាប់បេះដូង រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រតិបត្តិជាហូហែ នៃពិធីនេះ គឺជាការឈ្វេងយល់ ការចែករម្លែក ការរួមរស់ដោយសុខដុមនីយកម្មក្នុងពហុវប្បធម៌ ពហុជំនឿរបស់ជនជាតិយើងទាំងពីរផងដែរ»។
លោកបណ្ឌិត ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរួបនេះ បានបន្តថា ពិធីសែនក្បាលទឹកនេះ គេរៀបចំតែមួយព្រឹកឬមួយថ្ងៃប៉ុណោះ ដើម្បីរម្លឹកថា ទឹកទន្លេមេគង្គចាប់ផ្តើមឡើងហើយ ជាការដឹងគុណដល់ទឹកទន្លេ ដែលបាននាំផ្តល់សារសំខាន់ ក្នុងការស្រោចស្រពផលដំណាំ និប្រើប្រាស់ប្រចាំថ្ងៃជាពិសេស បានប្រាប់ដល់អ្នករស់នៅតាមដងទន្លេទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗផងដែរ។
បុណ្យនេះគេមិនបានរៀបចំផ្ទះ ទិញគ្រឿងលំអរតាំងស្កេកស្កះដូចចូលឆ្នាំនោះទេ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។
ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀត ក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ជាដើម។ ហើយសុំផ្សងមកវិញនូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។
ពិធីសែនក្បាលទឹកដែលគេដឹងថា មានប្រភពមកជនជាតិចិននេះ ពីមួយជំនាន់ទៅមួយជំនាន់ ត្រូវបានប្រជាជនខ្មែរជាប់សែស្រឡាយចិន ឬអ្នកមិនជាប់សែស្រឡាយចិនសោះ ក៏រៀបចំធ្វើពីធីសែនក្បាលទឹកនេះដែរ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន។ ដោយគេសង្កេតឃើញរៀបចំឡើង បានច្របាច់បញ្ចូលគ្នា នូវជំនឿបែបព្រហ្មញសាសនា តាមរយៈសែនជីដូនជីតា និងបែបព្រះពុទ្ធសាសនាដោយនាំយកចង្ហាន់ទេយទានផ្សេងៗ ទៅវត្តប្រគេនព្រះសង្ឃជាដើម។
ក្នុងជំនឿជនជាតិចិនខែ៧ គឺជាខែខ្មោច ដូច្នេះគេហាមដាច់ខាតអំឡុងខែនេះ មិនត្រូវធ្វើដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្មជាដាច់ខាត ព្រោះវាអាចនាំរឿងមិនល្អសម្រាប់អាជីវកម្មនិងគ្រួសារគេ។ តែយ៉ាងណាក៏ដោយ ទាំងនេះសុទ្ធតែជាជំនឿមួយក្នុងចំណោមជំនឿចិន ដែលមិនមានចែងក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះទេ តែដោយហេតុថាស្រុកខ្មែរយើង មានចំរុះជនជាតិ ជំនឿសាសនា និងអបិយជំនឿ រាជរដ្ឋាភិបាលមិនបានហាមឃាត់នោះឡើយ។ វាក៏ជារឿងល្អមួយដែរ ក្នុងការរៀបចំឲ្យមានស្ថេរភាពសង្គម និងសន្តិសុខ។ ម្យ៉ាងវិញទៀត វាក៏ជាថ្ងៃដែលបងប្អូន ញាតិមិត្តបានជួបជុំសែនព្រេន និងសប្បាយរីករាយផងដែរ បន្ទាប់ពីបែកគ្នាមួយរយៈធំឬតូច ទៅប្រកបរបររកស៊ីដោយរៀងៗខ្លួន៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )