(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២ (12th East Asia Summit Foreign Ministers’ Meeting) នៅរាជធានីភ្នំពេញ អាស៊ានបានបង្ហាញនូវការគាំទ្រចំពោះការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ប្រធាននៃកិច្ចប្រជុំនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ កិច្ចប្រជុំកំពូលអាស៉ី-បូព៌ា (EAS) មានសមាជិកចំនួន ១៨ប្រទេស រួមមាន៖ សមាជិកអាស៊ានទាំង ១០ (ASEAN Countries) អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រុស្ស៉ី និងអាមេរិក។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងកិច្ចប្រជុំបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការកើនឡើងនូវការសាកល្បង និងការបាញ់មីស៉ីលផ្លោងឆ្លងទ្វីប (ICBM) របស់កូរ៉េខាងជើង។ ការកើនឡើងនូវកង្វល់នេះ ឆ្លុះបញ្ចាំងពីភាពតានតឹងនៅឧបទ្វីបកូរ៉េ និងគំរាមកំហែង ដល់សន្តិសុខ និងស្ថិរភាពតំបន់ និងពិភពលោកទាំងមូល។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា «កិច្ចប្រជុំបានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃការបន្តការសន្ទនាប្រកបដោយសន្តិភាព ក្នុងចំណោមភាគីទាំងអស់ ដើម្បីទទួលស្គាល់ពីសន្តិភាព និងស្ថិរភាពយូរអង្វែង ក្នុងការរំសាយចោលអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះ បានធ្វើតេស្ដមីស៉ីលផ្លោងរាប់សិបគ្រាប់ ក្នុងនោះរួមមានទាំងមីស៉ីលផ្លោងអន្តរទ្វីប (ICBM) ផងដែរ។ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថាកូរ៉េខាងជើង បានត្រៀមការរៀបចំជាច្រើន សម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរជាថ្មីទៀត ក្នុងអំឡុង ៦ខែដំបូងនៃឆ្នាំ២០២២នេះ។
រយៈពេលជាច្រើនឆ្នាំមកនេះ កូរ៉េខាងជើងត្រូវបានហាមប្រាមពីការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៉ីលផ្លោងដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដែលបានពង្រឹងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ដើម្បីព្យាយាម និងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីទាំងនោះ។ កូរ៉េខាងជើង មិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើយ ចាប់តាំងពីឆ្នាំ២០១៧មក៕