(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ៣ទីតាំង នៅរាជធានីភ្នំពេញ តាមរយៈការទិញផលិតផលប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់ មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង ៣ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត សកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀត លើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។

បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយអាជីវកម្ម ៣ទីតាំង រួមមាន៖

* ១៖ លោក ញូ យូបាវ ម្ចាស់យានដ្ឋានឈ័ងសីន ស្ថិតនៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
* ២៖ លោក យិន សុពុទ្ធាយិតិ ម្ចាស់មជ្ឈមណ្ឌលថែទាំរថយន្ត Magic Car Wash ស្ថិតនៅផ្លូវលេខ១៥ ផ្លូវលេខ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
* ៣៖ លោក សេង តារា តំណាងម្ចាស់ឃ្លាំង ស្ថិតនៅផ្លូវលេខ៤៦២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

នៅចំពោះលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មទាំង៣ បានសន្យា ដូចខាងក្រោម៖

* ១៖ សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
* ២៖ សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
* ៣៖ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕