(សៀមរាប)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
ដើម្បីឱ្យក្រុមការងារអាចអនុវត្តការងាររបស់ខ្លួនតាមកម្មវិធីដែលបានគ្រោងទុកស្របតាមនីតិវិធី និងច្បាប់ជាធរមាន រដ្ឋបាលខេត្តសៀមរាបបានជំរុញដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ សាធារណជន និងអ្នកពាក់ព័ន្ធ ចូលរួមសហការផ្តល់ព័ត៌មានជូនក្រុមការងារបច្ចេកទេសតាមពេលវេលាកំណត់ខាងលើ។
គួរជម្រាបថា មុនឈានដល់ការអនុវត្តការងារចុះវាស់វែងកំណត់និយាមកាក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
សមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហានេះ មានលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក១២នាក់ផ្សេងទៀត។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ចស្របតាមសេចក្ដីសម្រេចលេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕