(កំពង់ធំ)៖ តារាចម្រៀងល្បីឈ្មោះប្រចាំនៅកម្ពុជា អ្នកនាង មាស សុខ សោភា បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រសូមចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ ការជួញដូរ និងបញ្ឈប់រាល់ការបរិភោគសាច់សត្វព្រៃ សំដៅចូលរួមថែរក្សាធនធានធម្មជាតិ ឱ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍របស់ជាតិ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ តារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថា ការទិញ ការបរិភោគសត្វសាច់ព្រៃ គឺជាការជំរុញឱ្យមានការដាក់អន្ទាក់សត្វព្រៃនៅ ក្នុងដែនអភិរក្សរបស់កម្ពុជា។
បន្ថែមពីនេះ អ្នកនាង មាស សុខសោភា ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់គ្នាចូលរួមយុទ្ធនាការអន្ទាក់សូន្យ និងបញ្ឈប់រាល់សកម្មភាពទាំងឡាយ នៃការដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃគ្រប់រូបភាព។
ជាមួយនឹងសកម្មភាព ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃ អ្នកនាង មាស សុខសោភា ក៏បានប្រកាសប្តេជ្ញាចិត្តបំផុស និងផ្សព្វផ្សាយឱ្យសាធារណៈជន ជាពិសេសផ្តើមពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងៗទៀត ឱ្យយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃធនធានធនធ្មជាតិ និងសត្វព្រៃ។
កំពូលតារាចម្រៀងស្រីរបស់កម្ពុជារូបនេះ ក៏មានគម្រោងកៀរគរអ្នកគាំទ្ររបស់ខ្លួន ឱ្យចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំ នៅពេលខាងមុខ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាជាដើម។
បើតាមលោក ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានគូសបញ្ជាក់ថា ខេត្តកំពង់ធំជាខេត្តទី៥ ក្នុងចំណោមខេត្តចំនួន៦ នៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ នៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជា។ តាមរយៈយុទ្ធនាការនេះបានធ្វើឱ្យម្ចាស់ភោជនីយដ្ឋានចំនួន៤២កន្លែង បានប្រកាសចូលរួមបញ្ឈប់លក់ និងធ្វើម្ហូបពីសាច់សត្វព្រៃទៅដល់អតិថិជន ពិសេសបានផ្តល់ចំណេះដឹង និងការយល់ដឹងដល់សាធារណៈជន ក្នុងការចូលរួមបញ្ឈប់ទទួលទានសាច់ សត្វព្រៃគ្រប់រូបភាព។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។
មន្ត្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ បានចាប់ផ្តើមឡើងរយៈពេល៥ខែហើយ ដោយបានមើលឃើញលទ្ធផលវិជ្ជមានជាច្រើន តាមរយៈយុទ្ធនាការអន្ទាក់សូន្យនេះរួមមានទី១៖ ការយល់ដឹងរបស់សាធារណជន ពីផលប៉ះពាល់នៃអន្ទាក់, ទី២៖ ចូលរួមការកាត់បន្ថយការហូបសាច់សត្វ, ទី៣៖ ទទួលដឹងថា សាច់សត្វអាចផ្ទុកមេរោគដែលប៉ះពាល់ដល់សុខភាព ដែលវាមិនមែនជាថ្នាំប៉ូវ ឬថ្នាំជំនួយសុខភាពទេ និងទី៤៖ ធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងពីយុទ្ធនាការអន្ទាក់សូន្យ មានគោលបំណងសំខាន់ ក្នុងការធ្វើឱ្យជីវចម្រុះ មានសុវត្តិភាពជាដើម៕