(ភ្នំពេញ)៖ អង្គការស្បៀងអាហារពិភពលោក( FAO) ប្រចាំប្រទេសកម្ពុជា បានប្រគល់សៀវភៅច្បាប់សុវត្ថិភាពម្ហូបអាហារ ១,០០០ក្បាល ដល់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប.) ដើម្បីធ្វើយ៉ាងណាធានាបានការការពារសុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ស្របតាមគោលបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ការប្រគល់សៀវភៅនេះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានទទួលជួបលោកស្រី Rebekah Bell, តំណាង FAO ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបានរៀបចំពិធីប្រគល់ទទួលសៀវភៅច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលជាការឧបត្ថម្ភ របស់អង្គការស្បៀងអាហារពិភពលោក។
នាឱកាសនោះលោក ផាន អូន ក៏បានជម្រាបជូនតំណាង FAO ប្រចាំប្រទេសកម្ពុជា ពីស្ថានភាពទូទៅនៃការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ដែលជាប្រព័ន្ធ ពហុស្ថាប័នផ្អែកតាមគោលការណ៍ Integrated Food Chain Approach ដើម្បីធានាលក្ខខណ្ឌតម្រូវម្ហូបអាហារត្រូវបានអនុវត្តនៅ តាមគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្ម។
លោកស្រី Rebekah Bell បានធ្វើការវាយតម្លៃខ្ពស់ដល់អគ្គនាយកដ្ឋាន ក.ប.ប. ដែលបានសហការយ៉ាងល្អជាមួយ FAO ក្នុងការរៀបចំច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការចូលរួមអនុវត្តគម្រោងជំនួយបច្ចេកទេសនានា រហូតទទួលបានលទ្ធផលប្រកបដោយជោគជ័យ។ លោកស្រីក៏បានលើកឡើង ផងដែរអំពីកិច្ចសហការបន្ត ក្នុងការរៀបចំ ប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាឱ្យមានលក្ខណៈទំនើប និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ មាន១១ជំពូក និង៤៣មាត្រា ដោយច្បាប់នេះកំណត់អំពីក្របខ័ណ្ឌ និងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារ ប្រកបដោយភាពស្មោះត្រង់។ ក្នុងនោះដែរក្រសួងពាណិជ្ជកម្ម មានសមត្ថកិច្ចដឹកនាំ សម្របសម្រួលការគ្រប់គ្រង់គុណភាព សុវត្ថិភាពម្ហូបអាហារដោយ សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។
ក្នុងនោះដែរ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាមន្ត្រីស៊ើបអង្កេតក្រោមច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ នឹងពង្រឹងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ ដើម្បីធានាបានការការពារសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ស្របតាមគោលបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕