(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធជាមួយការប្រមូលផ្តុំ តវ៉ាដោយខុសច្បាប់ របស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអ៊ីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យបៀលប្រាយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤៖០០នាទី ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារស។

ដូចសព្វមួយដង ក្រោមការរៀបចំផែនការរួចជាស្រេចរបស់ក្រុមមនុស្សមួយក្តាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្តែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមនេះបានបន្តធ្វើសកម្មភាពអាណាធិបតេយ្យយ៉ាងគគ្លើនជាដដែលៗ។ ជាក់ស្តែងនៅវេលាម៉ោង ១៥៖១៥នាទី ពួកគេបានរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ (ថាបានប្រើអំពើហិង្សាលើបាតុករ)។

ក្រុមនេះក៏បានធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្រ្តីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញប៉ារាស ធ្វើឱ្យខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ចនៅតែបន្តស្រាក់ដៃគ្នាធ្វើជាប៉ារាសការពារដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែពួកគេបានប្រើហិង្សាថែមទៀត មកលើសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច។ ដូចផែនការដែលបានគ្រោងទុក ក្រុមអគតិមួយក្តាប់តូចបានធ្វើការបង្ហោះ ចែកចាយនូវរូបភាពដែលបានចងក្រងទុកជាមុន ក្នុងន័យទម្លាក់កំហុសមកលើសមត្ថកិច្ច។

ចំពោះព្រឹត្តិការណ៍ថ្ងៃនេះ តាមរយៈភស្តុតាងដែលមានស្រាប់នានា អាជ្ញាធរមានសមត្ថកិច្ចនឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់ មកផ្តន្ទាទោស តាមច្បាប់នូវសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រមាថមកលើមន្រ្តីរាជការ កំពុងបំពេញភារកិច្ច។

រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់បន្ថែមទៀតថា រៀងរាល់លើកដែលមានសកម្មភាពធ្វើបាតុកម្មខុសច្បាប់របស់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មិនដែលមានព្រឹត្តិការណ៍កើតទ្បើងដូចថ្ងៃនេះទេ ប្រសិនបើក្រុមបាតុករមិនធ្វើការបុកទម្លុះប៉ារាស និងបង្កអំពើហិង្សាមកលើសមត្ថកិច្ច។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅតែទទូចសូមធ្វើការអំពាវនាវដល់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មួយចំនួនតូចដែល នៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយតាមច្បាប់គ្រប់ជាន់ថ្នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ៖