(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី៤ អាណត្តិទី៣ ដោយបានលើកយក របៀបវារៈចំនួន៤ មកពិភាក្សា និងអនុម័ត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តខេត្តពោធិ៍សាត់ និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោកអភិបាលខេត្តពោធិ៍សាត់ និងការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះ ឱ្យសាលា ខេត្តជាច្រើននាក់ទៀត។
កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៤សំខាន់ៗ រួមមាន៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត, បញ្ហាផ្សេងៗ។
ក្នុងឱកាសនោះ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បានលើកឡើងនូវបញ្ហាមួយចំនួនដូចជា៖ គ្រឿងញៀន ល្បែងស៊ីសង ករណីចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ។ នៅស្រុកវាលវែង ការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរសាលារៀន បានធ្វើឱ្យប៉ះពាល់ ដល់សុខភាព និងការសិក្សារបស់សិស្សានុសិស្ស។
បញ្ហាលោកគ្រូ ឬអ្នកគ្រូ ជានាយកសាលាដណ្ដើមបង្រៀនគួរសិស្ស ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់លោកគ្រូ អ្នកគ្រូផ្សេងទៀត។ សូមពង្រឹងការបង្រៀនរបស់ លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្សឱ្យមានគុណភាព និងបញ្ហាសិស្សបោះបង់ការសិក្សាជាដើម។ សូមឱ្យមានការយកចិត្តទុកដាក់ លើស្ត្រីនិងកុមារ ហើយសូមឱ្យមានការឧបត្ថម្ភថវិកាដល់គ្រូមត្តេយ្យសហគមន៍ឱ្យបានសមរម្យផង។
បញ្ហាផ្លូវបេតុងនៅភូមិស្ទឹងតូច សង្កាត់រលាប ដែលទើបស្ថាបនារួច គ្មានគុណភាពរបេះបែកជាបណ្ដើរៗ ដែលធ្វើឱ្យប្រជាពលរដ្ឋមិនអាចទទួលយកបាន។ សូមឱ្យមាន ការដាក់ សញ្ញាសម្គាល់ ឈ្មោះផ្លូវ ឈ្មោះភូមិ និងលេខផ្ទះប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្រាប់អ្នកមកពីឆ្ងាយ និងក្មេងៗជំនាន់ក្រោយបានយល់ដឹង។ កន្លងមកនេះ ការដាក់លេខផ្ទះជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ មិនបានរៀបតាមលេខរៀងឱ្យបានត្រឹមត្រូវនោះទេ គឺដាក់ទៅតាមខ្សែបក្ខពួកនិយម ចង់បានលេខអីដាក់ លេខហ្នឹង ដែលធ្វើឱ្យច្របូកច្របល់គ្មានរបៀបរៀបរយ។
បន្ទាប់ពីស្តាប់ការលើកឡើងរបស់អង្គប្រជុំហើយនោះលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ គណៈអភិបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសការបម្រើសេវា សាធារណៈនៅតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរនាពេលកន្លងមកនេះ។
លោក ម៉ក់ រ៉ា ក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញនូវចំណុចខ្វះខាតរបស់ខ្លួន ធ្វើយ៉ាងណា ដើម្បី បំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ។ បានណែនាំដល់អាជ្ញាធរទាំងអស់ត្រូវពង្រឹង និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន និងសូមឱ្យសមាជិកទាំងអស់ ខិតខំបំពេញនូវចំនុចខ្វះខាតដែលមាន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ចំពោះបញ្ហាដែលបានលើកឡើងមកនេះ លោកក៏បានណែនាំដល់អាជ្ញាធរ មន្ទីរជំនាញ ក្រុមការងារ និងក្រុមប្រឹក្សាវិន័យ ត្រូវសហការគ្នាកែសម្រួលឡើងវិញ ដូចជា ការចិញ្ចឹមសត្វ ប៉ះពាល់ សុខភាពសិស្ស, នាយកសាលាបង្រៀនគួរ, បង្រៀនសិស្សគ្មានគុណភាព, ផ្លូវបេតុងគ្មានគុណភាព, ពិសេសលេខសម្គាល់ផ្ទះអនាធិបតេយ្យ កន្លងមក ត្រូវរៀបចំតាម លេខ រៀងឱ្យបានត្រឹមត្រូវឡើងវិញ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ៕