(ព្រៃវែង)៖ សត្វស្លាបនៅតំបន់ទេសចរណ៍ទួលព័ន្ធតាឡី ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ពេលនេះសម្បូរវិញហើយ បន្ទាប់ពីមានករណីឈឺ និងងាប់រាប់រយក្បាល កាលពីរដូវប្រាំងកន្លងទៅនេះ ហើយក្នុងរដូវវស្សា សត្វស្លាបក៏មិនមានកើតជំងឺ ឬក៏ងាប់បន្តទៀតដែរ។
លោក ប៉ាន់ យន ប្រធានសហគមន៍ព្រៃទួលពាន់តាឡីបឹងស្នេហ៍ បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ននេះ ជារដូវវស្សា មានភ្លៀងធ្លាក់មកច្រើន ធ្វើឲ្យតំបន់ផ្សេងៗមួយចំនួនមានទឹកលិច ទើបមានសត្វស្លាប ហើរមករស់នៅព្រៃទួលពាន់តាឡីបឹងស្នេហ៍ មានសំបុក ពងកូន ប្រមាណ៤០ប្រភេទ។
លោកបានបញ្ជាក់ថា សត្វស្លាបឈឺ និងងាប់ច្រើន គឺចុងខែកុម្ភៈ ដើមខែមីនា ដោយសារជារដូវប្រាំងក្ដៅផង មានជំងឺ រាតត្បាត បណ្ដាលឲ្យសត្វស្លាបបំលាស់ទីទៅកន្លែងផ្សេងអស់មួយចំនួន និងសត្វខ្លះទៀតក៏នៅបន្តរស់នៅ ក្នុងតំបន់នេះ។ ដោយឡែក ដល់រដូវមានភ្លៀងធ្លាក់ខ្លាំង សង្កេតឃើញថា វត្តមានសត្វស្លាបជាច្រើន បានហើរវិលត្រឡប់មកវិញ ពីតំបន់ផ្សេងៗ មករស់នៅទីតំបន់នេះ ពងកូន រាប់រយសំបុក រាប់ម៉ឺនក្បាល។
លោក ប៉ាន យន បានបញ្ជាក់ថា សហគមន៍ព្រៃទួលពាន់តាឡីបឹងស្នេហ៍នេះ ព្រៃបានដុះក្រាល ខ្ពស់ៗពេលដើររុកលែងចង់រួចហើយ វាដុះជាលក្ខណៈធម្មជាតិ ហើយទំហំដី និងព្រៃប្រមាណជា៨៦ហិចតា ដែលមានសត្វស្លាបមករស់នៅ ដូចជា កុកស្លាបសរ កុកក្រក ក្អែកទឹក ននាល ដុមដោ ខ្វែក សត្វគៀលខ្ចងជាដើម។
លោកប្រធានសហគមន៍បានបន្ថែមថា បច្ចុប្បន្នសរុបសត្វស្លាបទាំងអស់ ដែលរស់នៅទួលពាន់តាឡីនេះ មានចំនួនជាង៤០ប្រភេទ ដែលរាប់ចាប់ពីកំឡុងពាក់កណ្ដាលឆ្នាំ២០២១ ហើយទេសចរ ក្នុងស្រុកមានតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ក្នុងមួយសប្ដាហ៍ជាង ២០០នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ និងប្រធានសហគមន៍ព្រៃទួលពាន់តាឡីបឹងស្នេហ៍ ព្រមទាំង អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ រួមគ្នាការពារសត្វស្លាប ជាច្រើនប្រភេទនេះ អភិរក្សការការពារ មិនឲ្យមានការបរបាញ់នោះឡើយ ដើម្បីរក្សាទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់សត្វស្លាបគ្រប់ប្រភេទ ជាពិសេសសត្វដែលកម្រ និងជិតផុតពូជ៕