(ភ្នំពេញ)៖ ក្នុងខែកក្កដា ឆ្នាំ២០២២នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៧០៥ ១៤០ ១០០រៀល និង ២១២ ២៣៣ ដុល្លារអាមេរិក ពីសប្បុរសជនសរុប ១៩ ៨៦៤ រូប ដែលរួមមានសមាជិកកិត្តិយស ៣ រូប, សមាជិកគាំទ្រ ១៧ ៥៩២ រូប, សប្បុរសជនផ្សេងៗ ២ ២៦៩ រូប និងព្រមទាំងថវិកាបរិច្ចាគតាមហិបគោលដៅមួយចំនួន។
ជាមួយគ្នានេះ មូលនិធិ-គន្ធបុប្ផាកម្ពុជា ក៏ទទួលបានថវិកាចំនួន ៨០ ២៨៦ ដុល្លារអាមេរិក ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ របស់គ្រឹះស្ថានអង្គរ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងចូលរួមចលនាកៀរគរអំណាយ ឧបត្ថម្ភធន និងវិភាគទាន ដើម្បីធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ឲ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព ក្នុងការបន្តការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលបម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាល។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូរដែលរួមមាន ធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, ARDB, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕