(ស្ទឹងត្រែង)៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ រួមមាន លោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំអូរស្វាយ ដែលជាជំនួយរបស់អង្គការភ្លែន ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា បានគូសបញញជាក់ថា អង្គការក្លែន ទទួលបានការគ្រាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដោយបានធ្វើការ និងសកម្មភាព ទៅផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទ វិស័យអប់រំ និងការងារគ្រោះមហន្តរាយផ្សេងៗជាដើម ព្រមទាំងវិស័យពាក់ព័ន្ធជាច្រើនទៀត។
លោកស្រី Gwynneth Wong បានសង្ឃឹមមណ្ឌលសុខភាពអូរស្វាយ នេះនឹងដើរតួនាទីមួយដល់សំខាន់ក្នុងផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំអូរស្វាយទាំងមូល ក៏ដូចតាមឃុំនានា ដែលនៅជិតមណ្ឌលសុខភាពមួយនេះ។
ក្នុងឱកាសនោះដែរ លោក ដួង ពៅ បានថ្លែងអំណរអរគុណដល់ អង្គការភ្លែន ដែលបានផ្តល់ជូននូវអគារមណ្ឌលសុខភាពអូរស្វាយនេះ ដើម្បីចូលរួមលើកស្ទួយផ្នែកសុខាភិបាលយ៉ាងខ្លាំង ពិសេសបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្ងាយៗ ពិបាកទៅទទួលសេវាថែទាំសុខភាព និងបានយកចិត្តទុកដាក់លើវិស័យសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាង មណ្ឌលសុខភាពនៅឃុំអូរស្វាយ។
លោក ដួង ពៅ បានអះអាងថា អគារមណ្ឌលសុខភាពអូរស្វាយ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ស្រុកបុរីអូរស្វាយសែនជ័យ និងបានធ្វើឱ្យឃុំអូរស្វាយ ក៏ដូចជាស្រុកថ្មីមួយនេះ មានការផ្លាស់ប្តូរមុខមាត់ជាថ្មី។ លោកអភិបាលរងខេត្ត បានស្នើជំរុញឲ្យអង្គការ ភ្លែន បន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែង៕