(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតសួនវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេស គឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
នេះបើតាមការឲ្យដឹងពី លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។
បើតាមលោក ហេង សុខគង់ ទិសដៅរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងឧស្សាហកម្មដែលជាសេនាធិកា បានកំណត់ទិសដៅថា នៅឆ្នាំ២០២៥ កម្ពុជានឹងមានសួនវិទ្យាសាស្ដ្រយ៉ាងតិច៣។ លោកអះអាងថា នៅពេលមានសួនវិទ្យាសាស្ដ្រ ក្រសួងនឹងប្រមូលនូវធនធានមនុស្ស ធនធានហរិញ្ញវត្ថុ ដើម្បីរៀបចំសួននេះឲ្យមានកម្រិតបច្ចេកវិទ្យាសបស្រម និងជឿនលឿន។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ទៀតថា បណ្ដាប្រទេសមួយចំនួនដូចជា សិង្ហបុរី ថៃ និងវៀតណាមជាដើម មានការបង្កើតជាសួនវិទ្យាសាស្រ្ត ឬសួនបច្ចេកវិទ្យា និងនវានុវត្តន៍នេះជាច្រើនឆ្នាំមកហើយ ហើយបានចូលរួមចំណែកយ៉ាងធំធេង ក្នុងកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនោះផងដែរ ដូច្នេះយើងរំពឹងថា នៅពេលកម្ពុជាបង្កើតសួននេះឡើង នឹងជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបានថ្លែងយ៉ាងដូច្នេះថា «សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះមានសារៈសំខាន់ណាស់ សម្រាប់ការកៀរគរបន្ថែមនូវចំណូល ការវិនិយោគទាំងនៅក្នុងស្រុក ទាំងនៅក្រៅប្រទេស ខណៈបច្ចុប្បន្នការវិនិយោគនៅក្នុងស្រុកមានការកើនឡើងជាបន្ដបន្ទាប់ ជាពិសេសទៅលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍តែម្ដង»។
ដោយឡែក ពាក់ព័ន្ធជាមួយអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ វិញត្រូវបានលោក ហេង សុខគង់ បញ្ជាក់ថា បានឆ្លងកិច្ចប្រជុំបច្ចេកទេសចំនួន៦លើក, ឆ្លងកិច្ចប្រជុំអន្ដរក្រសួងលក្ខណៈបច្ចេកទេស ចំនួន២លើក និងបន្ដឆ្លងកម្រិតនយោបាយទៀត។
គួរជម្រាបថា អនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សេចក្តីព្រាងអនុក្រឹត្យនេះមាន ៨ជំពូក និង១៩មាត្រា ដោយក្នុងនោះ៖
* ជំពូកទី១ មាន៤មាត្រា ចែងពី គោលដៅ គោលបំណង វិសាលភាព និងនិយមន័យ
* ជំពូកទី២ មាន២ផ្នែកធំៗ និងមាន៥មាត្រា ដែលផ្នែកទី១ ចែងពីការបង្កើតគណៈកម្មាធិការជាតិសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មាន៤មាត្រា។ ដោយឡែកផ្នែកទី២ ស្តីពីលក្ខខណ្ឌចាំបាច់សម្រាប់បង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មាន១មាត្រា
* ជំពូកទី៣ មាន២មាត្រាចែងពី ការលើកទឹកចិត្តសម្រាប់សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
* ជំពូកទី៤ មាន១មាត្រា ចែងពីការប្រើប្រាស់ និងការគ្រប់គ្រងមូលធនមនុស្ស និងកម្លាំងពលកម្ម
* ជំពូកទី៥ មាន២មាត្រា ចែងពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍
* ជំពូកទី៦ មាន២មាត្រា ចែងពីការផ្ទេរបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញា
* ជំពូកទី៧ មាន២មាត្រា ចែងពីការដោះស្រាយវិវាទ និងករណីគម្រោងមិនដំណើរការ ឬក្ស័យធន
* ជំពូកទី៨ មាន១មាត្រា ចែងពីអវសានប្បញ្ញត្តិ៕