(ភ្នំពេញ)៖ រយៈពេល៧ខែ ពោលគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា មានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ ក្រោមដើមទុនវិនិយោគសរុបជាង១,១៨៩លានដុល្លារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែលលោក ហេង សុគង់ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។
លោក ហេង សុគង់ បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកត្រឹមចុងខែកក្កដា ឆ្នាំ២០២២នេះ គឺយើងមានរោងចក្របើកថ្មី ចំនួន១១២រោងចក្រ ក្នុងនោះ គឺយើងបានបង្កើតការងារបន្ថែមចំនួន៧៦,៦២៤នាក់ ដែលមានដើមទុនវិនិយោគ ចំនួន១,១៨៩.៣លានដុល្លារ»។
ទន្ទឹមគ្នានេះ លោកក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២នេះ ចំពោះរោងចក្របិទទ្វារ គឺមានចំនួន៤៧រោងចក្រ ហើយបានបាត់បង់ការងារចំនួន១៦,៨៣៨នាក់។
បើតាមលោក ហេង សុគង់ កម្លាំងពលកម្មសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន ១,០៤៤,២២៦នាក់ ក្នុងនោះ មានស្រី្តចំនួន៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤% មានការកើនឡើងចំនួន ៦២,០២៣នាក់ ស្មើនឹង៦.៣១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំ កន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។
លោក ហេង សុគង់ បានបញ្ជាក់ទៀតថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ រោងចក្រដំណើរការមានចំនួន១,៩៤៧រោងចក្រ ស្ថិតនៅក្នុង២៥រាជធានី-ខេត្ត មានការកើនឡើងចំនួន៤២៥រោងចក្រ ស្មើនឹង ២៧.៩២% បើធៀបទៅនឹងរយៈពេល៥ឆ្នាំ កន្លងមកដែលនៅក្នុងឆ្នាំ២០១៧ រោងចក្រដំណើរ ការមានចំនួន ១.៥២២រោងចក្រ។
លោក ហេង សុគង់ បានឲ្យដឹងថា រោងចក្រកើតថ្មី ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ (២០១៧-កក្កដា ២០២២) មានចំនួន ១,១០៧រោងចក្រ។ ដោយឡែករោងចក្របិទទ្វារ ឈប់ដំណើរការក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ (២០១៧-កក្កដា ២០២២) មានចំនួន ៦៨២ រោងចក្រ។
គូសបញ្ជាក់ថា ទុនវិនិយោគសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ មានចំនួនជាង ១៥,៧០៧ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ៦,២៩៧លានដុល្លារអាមេរិក ស្មើនឹង ៦៦,៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩,៤១០លានដុល្លារអាមេរិក៕