(ភ្នំពេញ)៖ លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម ទទួលបន្ទុកការងារស្រែអំបិល បានថ្លែងឲ្យដឹងថា ឆ្នាំនេះការផ្គត់ផ្គង់អំបិលនៅកម្ពុជា មិនប្រឈមការខ្វះខាតឡើយ ទោះបីការផលិតទទួលបានត្រឹមតែ៤ម៉ឺនតោនក្ដី ជាទូទៅការផ្គត់ផ្គង់អំបិល ក្នុងមួយឆ្នាំមានចំនួន១០ម៉ឺនតោន ភាពមិនប្រឈមនេះ ដោយសារតែកម្ពុជាសល់អំបិលពីស្ដុកចាស់ច្រើន ដូច្នេះការផ្គត់ផ្គង់មិនប្រឈមខ្វះឡើយ។
ការលើកឡើងរបស់លោក ហួន សុរង្សី ធ្វើឡើងក្នុងកម្មវិធីរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
លោក ហួន សុរង្សី បានថ្លែងថា «គិតមកដល់ពេលនេះ អំបិលមិនមានសញ្ញាប្រឈមនឹងការខ្វះខាតនោះឡើយ ទោះបីផលិតបានត្រឹមតែជាង៤ម៉ឺនតោនក្ដី ព្រោះថាអំបិលមានសល់ក្នុងស្ដុកចាស់ ដែលផលិតក្នុងឆ្នាំ២០២១សល់ច្រើន ហើយបានចែកចាយគ្រប់ខេត្ត-ក្រុងគ្រប់ចំនួនផងដែរ។ ចំពោះអំបិលដែលកំពុងប្រើប្រាស់រាល់ថ្ងៃនេះទៀតសោត ក៏ជាអំបិលស្ដុកចាស់ តែទោះជាយ៉ាងនេះក្ដីរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការបម្រុងស្ដុកអំបិលទុក ដើម្បីបង្ការការខ្វះខាត ដោយប្រការណាមួយ»។
លោកបានថ្លែងថា ឆ្នាំនេះកម្ពុជាផលិតអំបិលបានជាង៤ម៉ឺនតោន ចំពោះបរិមាណ៤ម៉ឺនតោននេះ មិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះទេ ទោះជាយ៉ាងនេះក្ដី ឆ្នាំនេះការផ្គត់ផ្គង់អំបិល ក៏មិនប្រឈមការខ្វះខាតឡើយ ដោយសារតែបច្ចុប្បន្ននេះរាជរដ្ឋាភិបាល ចាត់ទុកអំបិលជាទំនិញយុទ្ធសាស្រ្ដ ដោយបន្ដគិតគូរគ្រប់ជ្រុងជ្រោយ និងតាមដានរាល់សប្ដាហ៍ ដោយមានក្រសួងឧស្សាហកម្ម ជាអ្នកទទួលខុសត្រូវ លើកិច្ចការងារស្រែអំបិល ដោយគ្រប់គ្រងលើការចែកចាយអំបិល តម្លៃ ព្រមទាំងការនាំចេញ និងនាំចូលអំបិលផងដែរ។
លោកបានបន្ដថា ចំនួនអំបិលដែលត្រូវប្រើប្រាស់ប្រចាំឆ្នាំ គឺត្រូវប្រើប្រាស់ក្នុងរង្វង់ ១០ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងនោះអំបិលសម្រាប់ទទួលទានមានប្រមាណ ៥ម៉ឺនតោន និងជាង៣ម៉ឺនតោនប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ក្នុងនោះក៏ត្រូវការអំបិលប្រមាណ ១-២ម៉ឺនតោន ដើម្បីប្រើប្រាស់លើការផលិតត្រីប្រហុក។
លោកបន្ថែមថា គិតមកដល់ពេលនេះ អំបិលមានស្ដុងបម្រុងប្រមាណ៦ម៉ឺនតោន ទើបនាំចូលអំបិលពីប្រទេសឥណ្ឌា និងមិនទាន់បានប្រើប្រាស់នៅឡើយ អាចនិយាយបានថា ជាអំបិលត្រៀមទុកក្នុងស្ដុកប៉ុណ្ណោះ ដើម្បីបង្ការការខ្វះខាត។
លោក ហួន សុរង្សី បានបញ្ជាក់ទៀតថា ចំពោះការផលិតអំបិលបានតិច ដោយសារតែមានបញ្ហាប្រឈមជាច្រើនក្នុងការផលិត ព្រោះថាការផលិតអំបិលរបស់កម្ពុជា ជាការផលិតបែបធម្មជាតិសុទ្ធសាធ ដោយត្រូវប្រើប្រាស់នូវពន្លឺព្រះអាទិត្យសុទ្ធតែម្ដង ហើយចំពោះផលប៉ះពាល់ នៃការផលិតអំបិលចម្បងៗមាន២រួមមាន ទី១៖ ដោយសារការធ្លាក់ភ្លៀងច្រើនពេក ជាទូទៅការប្រមូលផលអំបិលធ្វើឡើងចាប់ពីដើមឆ្នាំរហូតដល់ខែមិថុនា ហើយខែបន្ដបន្ទាប់ទៅនេះ កម្ពុជានៅតែអាចផលិតអំបិលបាន ប៉ុន្ដែក្នុងកម្រិតមួយតិចតួចបំផុត និងទី២៖ បញ្ហាប្រឈមមួយទៀត នៃការផលិតអំបិល គឺកង្វះកម្លាំងពលកម្ម។
សូមជម្រាបថា យោងតាមរបាយការណ៍មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ ផ្ទៃដីដែលបានផលិតអំបិលមានទំហំ ២.៨៥៧,២៣ហិចតា មានក្រុមផលិតចំនួន១៣៩ក្រុម និងផ្ទៃដីដែលមិនបានផលិតមានទំហំ ៨៦៨.៧៨ ហិចតា មានក្រុមផលិតចំនួន៤០ក្រុម៕