(រតនគិរី)៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ លោក ញ៉ែម សំអឿន បានថ្លែងថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយ កើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យ បានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានឲ្យដឹងថា ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាជាប្រចាំអំឡុងសប្ដាហ៍ទី១ ទី២ ខែសីហា ឆ្នាំ២០២២នេះ រួមផ្សំនឹងការបើកបង្ហូរ ទ្វារទឹកទំនប់វារីអគ្គិសនីស្រែពក៤ ពីប្រទេសវៀតណាម បានបណ្តាលឱ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន នៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងការជន់លិចលង់ដោយសារទឹកជំនន់ធ្វើឱ្យប៉ះពាល់ លើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាពលរដ្ឋរួមមាន៖
*ទឹកជំនន់លិច ចំនួន ១ស្រុក គឺស្រុកលំផាត់មាន ៣ឃុំ ស្មើនឹង១០ភូមិ ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន១០៨គ្រួសារ ស្មើនឹងមនុស្ស៤១៨នាក់។
*ផ្ទះសម្បែងសរុប ចំនួន២៩ខ្នង។
*ដំណាំកសិកម្ម ៧៣៥ហិកតា ក្នុងនោះមាន៖ សន្ទូង/ពង្គ្រោះ ចំនួន ២៤២ហិកតា និងដីចម្ការ និងដំណាំរួមផ្សំ ចំនួន៤៩៣ហិកតា។
*ផ្លូវលំ ចំនួន៦កន្លែង ស្មើនឹង ១.៨៦០ម៉ែត្រ ផ្លូវកៅស៊ូ ១កន្លែង ស្មើនឹង ៣០ម៉ែត្រ ផ្លូវបេតុងចំនួន ១កន្លែង ស្មើនឹង ២០០ម៉ែត្រ និងលូ១០កន្លែង។
ដោយឡែកលោក នូ ថេ អភិបាលស្រុកលំផាត់ បានប្រាប់ថា នៅវេលាម៉ោង ១២៖៣០ថ្ងៃទី១១ ខែសីហា ទឹកទន្លេស្រែពកមានកម្ពស់ ១២,៩០ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន១២,៥០ម៉ែត្រ ប៉ុន្តែស្ថានភាពជាក់ស្តែងទឹកហាក់បីដូចថមថយស្រក់ចុះបន្តិច៕