(វ៉ាស៊ីនតោន)៖ ទោះបីជាប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ជិតដល់ពេលដែលត្រូវបានផុត អណត្តិក៏ដោយ ក៏បុរសស្បែកខ្មៅដំបូង ដ៏មានប្រជាប្រិយភាពបំផុតរូបនេះ នឹងអាចក្លាយជាអាវុធសម្ងាត់ សម្រាប់លោកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីបង្កើនឥទ្ធិពលក្នុងការឈោងចាប់តំណែងប្រធានាធិបតី អាមេរិកក្នុងការបោះឆ្នោត តទល់នឹងលោក ដូណាល់ ត្រាំភ័ នៃគណបក្សសាធារណរដ្ឋ។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។
មិនមានអ្វីដែលត្រូវងឿងឆ្ងល់នោះទេ សម្រាប់អ្នកដែលត្រូវក្លាយជាតំណាងតែមួយគត់របស់គណបក្ស ប្រជាធិបតេយ្យ នោះគឺលោកស្រី ហ៊ីលឡារី គ្លីនតុន បន្ទាប់ពីជ័យជម្នះរបស់លោកស្រីជាច្រើន បានធ្វើ ឲ្យគូប្រជែងក្នុងបក្សដូចគ្នាគឺលោក Bernie Sanders ទន់ជើងមិនអាចផ្តួលរូបលោកស្រីបានឡើយ។
បន្ថែមពីលើជោគជ័យ និងថ្វីមាត់ដ៏ពូកែនោះ លោកស្រីក៏ត្រូវបានគេមើលឃើញថា បានលាក់អាវុធ សម្ងាត់មួយនៅពីក្រោយខ្នងថែមទៀត នោះគឺអាចជាលោក បារ៉ាក់ អូបាម៉ា នោះឯង ដោយសារតែ មេដឹកនាំពោពេញដោយសមត្ថភាព និងបទពិសោធន៍ខ្ពស់រូបនេះ ត្រូវការឲ្យគណបក្សប្រជាធិបតេយ្យ ដឹកនាំសហរដ្ឋអាមេរិកតាមគោលនយោបាយរបស់ខ្លួន នៅថ្ងៃអនាគតទៀត។
យ៉ាងក៏ដោយ លោកស្រី គ្លីនតុន ហាក់នៅមានចំណុចខ្សោយមួយចំនួននៅឡើយ ដោយសារតែលោក ស្រីមួយរយៈចុងក្រោយ ហាក់ឃ្លាតឆ្ងាយពីការទទួលបានការប្រឹក្សាពីលោក អូបាម៉ា ហេតុដូច្នេះទើប បានបណ្តាលឲ្យលោក Sanders មានប្រៀបលើការប្រកួតប្រជែងក្នុងរដ្ឋមួយចំនួន។ ប៉ុន្តែនិយាយជារួម លោកស្រី គ្លីនតុន នឹងនៅតែជាបេក្ខជននាំមុខសម្រាប់គណបក្សប្រជាធិបតេយ្យដដែល៕