(ព្រះវិហារ)៖ ក្រោយចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ, លោក គីម រិទ្ធី អភិបាលខេត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានមមាញឹកចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមគោលដៅផ្សេងៗ ដើម្បីលើកទឹកចិត្ត និងឧបត្ថម្ភសម្រាប់ការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបូរណភាពដែនដីជាមួយប្រទេសជិតខាង។

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងអង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣នៃខេត្តព្រះវិហារ សូមប្រកាសគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពថ្នាក់ដឹកនាំបន្តវេនរបស់កម្ពុជា។

លោក គីម រិទ្ធី បានថ្លែងរំលឹក និងជម្រាបជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធថា លោក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ជាកូនខ្មែរមួយរូបមានអកប្បកិរិយា មានឥរិយាបទស្នេហាជាតិ និងបានស្រឡាញ់វិស័យយោធាតាំងពីតូច។ លោកប្រឹងប្រែងរៀនសូត្ររហូតទៅដល់សាលារាជបណ្ឌិតយោធារបស់សហរដ្ឋអាមេរិក បានរៀនចប់ហើយបន្តការសិក្សានៅប្រទេសអង់គ្លេស បានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច ជាបន្តបន្ទាប់បានចូលបម្រើជាតិមាតុភូមិទៅតាមប្រវត្តិការងាររបស់លោក។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបន្តថា លោកបណ្ឌិត ហ៊ុន ម៉ាណែត មានចំណេះជំនាញច្រើនណាស់ ការងារយោធាក៏លោកជជែកបាន ការងារសេដ្ឋកិច្ចក៏លោកជជែកបាន ការងារការទូតអន្តរជាតិក៏លោកជជែកបាន ការងារបញ្ហាដីធ្លីក៏លោកជជែកបាន និយាយរួម លោកមានទស្សនៈវែងឆ្ងាយក្នុងកិច្ចការអស់ទាំងនេះ និងកិច្ចការផ្សេងៗទៀត។ ដោយសារកត្តាទាំងអស់នេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទើបសន្និបាតគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទបោះឆ្នោតជ្រើសរើសជាបេក្ខភានាយករដ្ឋមន្ត្រីបន្តវេនកម្ពុជា។

ដូច្នេះក្នុងនាមរដ្ឋបាលខេត្តថ្មី ក្នុងនាមអភិបាលខេត្តថ្មី, លោក គីម រិទ្ធី បានប្រកាសថា កងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងឯកភាពជាមួយលោក តាមរយៈសារចេញពីតំបន់ប្រតបត្តិការសឹករងខេត្តព្រះវិហារ «ប្តេជ្ញាគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំបន្តវេននៃព្រះរាជាណាចក្រកម្ពុជា»

លោក គីម រិទ្ធី ក៏បានថ្លែងផងដែរថា ក្នុនាមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត, លោកសូមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅតាមបណ្តោយព្រំដែន ពិសេសដល់បញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សូមគាំទ្រការពារឱ្យបាននូវបូរណៈភាពដែនដី ការពារឱ្យបាននូវទឹកដីកម្ពុជាដែលមានទំហំ ១៨១.០៣៥គីឡូម៉ែត្រការ៉េ និងជាពិសេសជាប់ព្រំដែននៅខេត្តព្រះវិហារមិនឱ្យបាត់១មីលីម៉ែត្រឡើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធត្រូវ៖

*ចូលរួមការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលប្រសូត្រចេញពីការបោះឆ្នោត
*ត្រូវចូលរួមការពារសុខសន្តិភាព
*កុំប្រព្រឹត្តនូវអ្វីដែលច្បាប់បានហាម និងបទល្មើសនានា
*ត្រូវយកចិត្តទុកដាក់ការងារអតីតយុទ្ធជន ពិសេសអតីតយុទ្ធជនមានដីតែគ្មានផ្ទះសំបែង គ្មានផ្ទះហើយទីទ័លក្រ
*សូមចៀសឱ្យផុតពីបញ្ហាគ្រឿងញៀន
*ត្រូវការពារជំងឺកូវីដ ដោយអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ»
*ត្រូវមានសាមគ្គីភាពផ្តៃក្នុងឱ្យបានល្អ ត្រូវមានការយោគយល់ អត់ឱនឱ្យគ្នា។

លោក គីម រិទ្ធី ក៏បានឧបត្ថម្ភថវិកាចំនួន១០លានរៀលដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងឧបត្ថម្ភថវិកាក្នុងម្នាក់៤ម៉ឺនរៀល ដល់នាយ និងពលទាហានដែលបានចូលរួមជា១០០នាក់, ឧបត្ថម្ភថវិកាដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន១០លានរៀល និងនាយ នាយរង និងពលអាវុធហត្ថជាង១០០នាក់ក្នុងម្នាក់ៗថវិកា៤ម៉ឺនរៀលផងដែរ៕