(កំពង់ធំ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃថា សត្វខ្សឹប (ក្ងោកទេព) ចំនួន៥៥០ក្បាល ដែលតំណាងឱ្យ៧០ភាគរយនៃចំនួនសត្វខ្សឹប លើពិភពលោក ដែលកំពុងមានរស់នៅស្រុកបារាយណ៍ និងស្រុកស្ទោង ខេត្តកំពង់ធំ នៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប។
តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ជាតំបន់មួយស្ថិតនៅក្នុងតំបន់វាលស្មៅលិចទឹក តាមរដូវកាល និងស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ តាមរយៈនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រសត្វព្រៃ បានឱ្យដឹងថាតំបន់នេះ មានសារៈសំខាន់សម្រាប់សត្វខ្សឹបរស់នៅ និងធ្វើការបន្តពូជ។
ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុឱកាសលោកបានដឹកនាំក្រុមការងារ រួមជាអ្នកសារព័ត៌មាន ចុះទស្សនាគម្រោងអភិរក្សសត្វខ្សឹប ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «អ្វីដែលជាលទ្ធផលនៃការអភិរក្សសត្វខ្សឹប ចំនួនសត្វខ្សឹប ត្រូវបានវាយតម្លៃថាមានការកើនឡើង ក៏ប៉ុន្តែយើងមិនទាន់អាចកំណត់ថាមានចំនួនប៉ុន្មាននៅឡើយទេ ប៉ុន្តែនៅក្នុងតំបន់ចំនួន២ជាឋម គឺនៅក្នុងស្រុកបារាយណ៍ និងស្រុកស្ទោង គឺមានកម្រិតនៃការកើនឡើងជាចូលរួមនៅក្នុងតំបន់ទំនាបលិចទឹកបឹងទន្លេសាបនេះ គឺយើងមានសត្វខ្សឹបប្រមាណជា៥៥០ក្បាល ដែលតំណាងឱ្យសត្វខ្សឹប៧០ភាគរយ នៃចំនួនសត្វខ្សឹបនៅលើពិភពលោក ហើយក្នុងនោះមានសត្វខ្សឹបឈ្មោលប្រមាណ ២៣០ក្បាល ដែលនេះជាចំនួនមួយបង្ហាញអំពីវត្តមានវិទ្យាសាស្ត្រនៃសត្វខ្សឹបច្រើន»។
នាឱកាសនោះដែរ មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងថា ដើម្បីគាំទ្រទៅលើការអភិរក្សសត្វខ្សឹបនេះ គឺក្រសួងបរិស្ថាន បានសហការជាមួយនឹងអង្គការដៃគូ ដែលមានអង្គការ WCS អនុវត្តគម្រោងស្រូវនិរន្តរភាព, ការងារពាក់ព័ន្ធជាមួយនឹងការការពារ និងអភិរក្សសម្បុកសត្វខ្សឹប ព្រមទាំងការផ្តល់ជាសត្វគោ ក្របី ដើម្បីឱ្យសហគមន៍ចិញ្ចឹម ដើម្បីជាផ្នែកមួយចូលរួមលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ ដែលជាផ្នែមួយការពារ និងអភិរក្សសត្វខ្សឹប។
លោក នេត្រ ភក្ត្រា បានបន្តថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងអង្គការដៃ គឺបានផ្តល់នូវមុខរបរថ្មីជូនប្រជាពលរដ្ឋ ដើម្បីឱ្យគាត់ជៀសផុតពីការទៅទន្ទ្រានដីកន្លែងតំបន់អភិរក្ស ក៏ដូចជាការបរបាញ់សត្វព្រៃ ជាស្តែងគឺការអនុវត្តនូវគម្រោងស្រូវនិរន្តរភាព ដោយតភ្ជាប់ជាមួយនឹងគោលការណ៍មិនទន្ទ្រានដីបន្ថែម មិនបរបាញ់សត្វ ឬមិនដាក់អន្ទាក់សត្វព្រៃជាពិសេស គឺប្រភេទសត្វខ្សឹប។
«ប្រជាសហគមន៍ ពួកគាត់បានយល់ដឹងច្រើនអំពីសារៈប្រយោជន៍នៃសត្វខ្សឹប ដោយពួកគាត់ទទួលបានផលប្រយោជន៍ពីសត្វខ្សឹបហ្នឹងដែរ តាមរយៈទេសចរណ៍ធម្មជាតិ ដែលបានអញ្ជើញមកទស្សនានៅកន្លែងតំបន់ហ្នឹង គឺគាត់បានចំណូលទាំងសម្រាប់សហគមន៍ផង និងបានទាំងចំណូសម្រាប់ពួកគាត់ក្នុងនាមជាមគ្គុទេសក៍ជាដើម។ល។»។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បើយោងតាមរបាយការណ៍របស់សហគន៍ប្រឡាយ គឺមានសំបុករបស់សត្វខ្សឹបចំនួន២២ ត្រូវបានកំណត់ ដោយក្នុងនោះមានពងខ្សឹបចំនួន២៤ពង ដែលត្រូវបានញាស់ដោយជោគ័យ រស់នៅក្នុងជម្រកធម្មជាតិ ដែលបង្ហាញថាចំនួនសត្វខ្សឹបនៅក្នុងធម្មជាតិមានការកើនឡើង។
បើតាមលោក មាស ថាន ប្រធានសហគមន៍ប្រឡាយ បានបញ្ជាក់ថា តាមរយៈការផ្សព្វផ្សាយ និងយល់ដឹងពីគុណសម្បត្តិរបស់សត្វខ្សឹប ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោកបានចូលការពារសំបុក និងអភិរក្សសត្វខ្សឹបនេះ ដោយមិនឱ្យមានការបរបាញ់ជាដើម
លោកថា ការពីមុនផ្ទុះជំងឺកូវីដ១៩ សហគមន៍របស់លោកបានរកចំណូលជាងា១ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះចំណូលតាមរយៈការនាំភ្ញៀវទេសនាសត្វខ្សឹប សម្រាប់ភ្ញៀវម្នាក់ បានមើលឃើញសត្វខ្សឹបមួយក្បាល ពួកគាត់នឹងបង់ថវិកា១៥ដុល្លារ ដល់សហគមន៍ សម្រាប់អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
ប៉ុន្តែ ទោះជាយ៉ាងណាប្រធានសហគមន៍រូបនេះ ក៏បានបង្ហាញពីក្តីព្រួយបារម្ភជុំវិញការបាត់បង់ជីវិតរបស់សត្វខ្សឹប ដែលហើរជាប់នឹងខ្សែភ្លើងអគ្គិនសី និងការបញ្ជូនសត្វក្របី ចូលមករំខាននៅក្នុងតំបន់ដែលសត្វខ្សឹបកំពុងរស់នៅជាដើម។
លោកស្រី សន សុកាន ជាប្រជាកសិករ នៅសហគមន៍ប្រឡាយ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងតាមការការចូលរួមអភិរក្ស និងការសត្វខ្សឹប ដែលជាប្រជាភេទបក្សីជិតផុតពូជលើពិភពលោក ដោយទទួលផលពីសត្វខ្សឹបនេះ តាមរយៈទេសចរណ៍ និងការចូលរួមអនុវត្តន៍ស្រូវគម្រោងនិរន្តរភាព។
លោកស្រីថា កាលណាគ្មានវត្តមានសត្វខ្សឹបនៅក្នុងតំបន់របស់លោកស្រីទេវានឹងធ្វើឱ្យបាត់ប្រយោជន៍ជាច្រើនតាមរយៈការទេសចរណ៍ ជាពិសេសបាត់បង់ការអនុវត្តគម្រោងស្រូវនិរន្តរភាព ដែលគម្រោងស្រូវនេះមានតម្លៃថ្លៃជាងស្រូវធម្មតាជាដើម។
ដោយមើលឃើញពីសារសំខាន់របស់សត្វខ្សឹប ដែលជាប្រភេទជិតផុតពូជក្នុងពិភពលោក ទើបរដ្ឋបាលដែនដីខេត្តសៀមរាប និងខេត្តកំពង់ធំ បានចេញដីកាលេខ១៣៦ សសរ សៀមរាប ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៧ បើផ្ទៃដីទំហំ៤,៦៣៦ហិកតា និងដីកាលេខ ៦៤ដខ កំពង់ធំ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ៣៤,១៣៩ហិកតា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈប្រកាសលេខ ០៦៤ ប្រក.កសក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១០ លើផ្ទៃដីទំហំ ៣១,១៥៩ហិកតា ដើម្បីធ្វើការគ្រប់គ្រង និងអភិរក្សសត្វខ្សឹប ប្រកបដោយប្រសិទ្ធភាព ក្នុងភូមិសាស្ត្រស្រុកស្ទោង ស្រុកបារាយណ៍ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ទំហំ២៦,៥២៣ហិកតា និងស្រុកជីក្រែង ខេត្តសៀមរាប ទំហំ៤៦.៣៦ហិកតា។
នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរតំបន់ការពារ និងតំបន់អភិរក្ស ចំនួន១៨កន្លែង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកឱ្យក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រង។ ដើម្បីពង្រឹងការងារគ្រប់គ្រង និងការងារអភិរក្ស ក្រសួងបរិស្ថាន បានស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំតំបន់អភិរក្សសត្វខ្សឹប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយអនុក្រឹត្យចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ លើផ្ទៃដីទំហំ៣១,១៥៩ហិកតា។
សូមបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប គឺជាផ្នែកមួយនៃឋបនីយជីវៈមណ្ឌលបឹងសាបទន្លេសាប ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៧០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១។ ម្យ៉ាងទៀត តំបន់ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អង្គការយូណេស្កូ៕