(ភ្នំពេញ)៖ ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញក្តីរំពឹងចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី)។
ការបង្ហាញក្តីរំពឹងដូចនេះបានលើកឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលលោករដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងលោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ ដែលតំណាងក្រុមហ៊ុន ដឹកនាំដោយលោក Stewart Clayton នាយកប្រចាំកម្ពុជានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ពាក់ព័ន្ធ។
គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ន នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជាផែនការសម្រាប់ពេលអនាគត។
លោក Stewart Clayton បានណែនាំឱ្យតំណាងក្រុមហ៊ុន ARUP ធ្វើបទបង្ហាញដែលបានផ្តោតជាសំខាន់លើសភាពការណ៍វិវត្តន៍ថ្មីៗ នៅក្នុងពិភពលោកទាក់ទងនឹង ដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន ដំណោះស្រាយបញ្ហា ចំពោះបម្រែបម្រួលអាកាសធាតុ និងផែនការមេទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការសម្រប សម្រួលខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។
ជាមួយគ្នានេះលោក តូច ចាន់កុសល ក៏បានជម្រាបជូនអំពីការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្ត ដើរដោយ ថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs នៅទីស្តីការក្រសួង និងបណ្តារាជធានី-ខេត្តមួយចំនួន ការសិក្សាប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោក តូច ចាន់កុសល ក៏បានលើកឡើងពីគម្រោងស្តីពី ការដឹកជញ្ជូន បៃតងនៅខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំជាមួយធនាគារពិភពលោក និងសារសំខាន់ នៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍ទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។
ជាមួយគ្នានេះលោក Stewart Clayton បានជម្រាបជូនផងដែរអំពីគម្រោងរៀបចំសិក្ខាសាលាមួយនៅកម្ពុជា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះ ស្រាយ លើវិស័យដឹកជញ្ជូនរបស់កម្ពុជា ក្នុងគោលដៅសម្រេចបាននូវការកាត់បន្ថយកាបូនឱ្យនៅកម្រិតសូន្យ៕