(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានបើកវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋចំនួនសង្កាត់៣ គឺសង្កាត់បាវិត សង្កាត់ប្រាសាទ សង្កាត់បាទី ដើម្បីដោះស្រាយសំណូមពរដូចជាកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តដងទង់ ស្ថិតនៅក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ លោក លឹម សៀងហេង បានសំណូមពរដល់ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានក្រុងបាវិត កុំសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាល នៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត និងទីក្រុងមានសោភណ្ឌភាពល្អ។
លោកបានបញ្ជាក់ថា សំរាមគឺជាបញ្ហាប្រឈមរួមមួយ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដោះស្រាយ មិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ អាជ្ញាធរនៅមូលដ្ឋាន ត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះ មហន្តរាយផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន មានដូចជា៖ គ្រោះធម្មជាតិ ជំងឺដង្កាត់ផ្សេងៗ ជាពិសេស បញ្ហាសត្វពាហនៈរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមហើយព្រលែងពាសវាលពាសកាល ដែលនាំឱ្យបង្កគ្រោះថ្នាក់ចរាចរណ៍។
លោកអភិបាលក្រុងបាវិត បានបន្តថា សមិទ្ធផលនិងការអភិវឌ្ឍមូលដ្ឋានទាំង៥សង្កាត់នៅក្នុងក្រុងបាវិត មានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកផ្លូវជាតិលេខ១ ប្រវែង៧គីឡូម៉ែត្រ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៥៩ ដល់បង្គោលគីឡូម៉ែត្រលេខ១៦៦ ដាក់លូរំដោះទឹកភ្លៀងអមសងខាងផ្លូវ និងដាក់ភ្លើងបំភ្លឺចំកណ្តាលផ្លូវ និងបានស្ថាបនាលូមេរំដោះទឹកភ្លៀង ចំនួន៣ខ្សែប្រវែង៦.៥៧៨ម៉ែត្រ ព្រមទាំង សាងសង់កន្លែងញែកសម្រាម ១កន្លែង ហើយសមិទ្ធផលទាំងអស់សម្រេចបានមួយរយភាគរយ ដែលជាថវិកាជំនួយរបស់ធនាគារអភិវឌ្ឍអាស៊ី ADB។
លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងអនុវត្តគម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ១ ម្ខាងប្រវែង៦.៣០០ម៉ែត្រទទឹង៣,៥ម៉ែត្រ ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែង និងពង្រីកបរិវេណតំបន់ច្រកទ្វារត្រួតពិនិត្យ ព្រំដែនអន្តរជាតិបាវិត ម្ខាងប្រវែង១១០ម៉ែត្រ ទទឹង១៥ម៉ែត្រ ដែលអនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បច្ចុប្បន្នការងារនេះសម្រេចបាន៧៥ភាគរយហើយ។
លោក លឹម សៀងហេង បានឲ្យដឹងបន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងបាវិត ក្នុងនោះបានស្ថាបនាផ្លូវបេតុងចំនួន៥ខ្សែ ប្រវែង១៥.០០០ម៉ែត្រទទឹង៨ម៉ែត្រ និងដាក់លូអមសងខាងផ្លូវប្រវែង ២.០០០ម៉ែត្រ ជួសជុលផ្លូវវាងក្រុងក្រាលកៅស៊ូ១ខ្សែប្រវែង៨.៥០០ម៉ែត្រ បន្ថែមទៀតនៅក្នុងបាវិតដោយប្រើប្រាស់ ថវិកាគុណប្រយោជន៍របស់ខេត្ត បច្ចុប្បន្នរដ្ឋបាលខេត្ត គ្រោងសាងសង់ផ្លូវបេតុងចំនួន២ខ្សែប្រវែង២.០០០ម៉ែត្របន្ថែមទៀត។ ចំពោះផ្លូវទាំងអស់នេះជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងបាវិត។
លោកអភិបាលក្រុង បានបញ្ជាក់ថា រដ្ឋបាលក្រុងបាវិត និងសង្កាត់ទាំង៥ បានស្ថាបនាផ្លូវបេតុងបានចំនួន៥ខ្សែប្រវែង១.៧២៣ម៉ែត្រ និងដាក់លូរំដោះទឹកភ្លៀងអមសងខាងផ្លូវបាន២ខ្សែប្រវែង១.០១០ម៉ែត្ររួចរាល់ជាស្ថាពរ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិក្រុងនិងសង្កាត់ ហើយក្រៅពីនេះក្រុងក៏បានដាក់ភ្លើងសូឡាបំភ្លឺតាមផ្លូវ ៣១៩C (ផ្លូវវាងក្រុង)ចំនួន២៥០បង្គោល និងបានដាំដើមឈើខ្នាតធំល្មមចំនួន២០០ដើមនៅផ្លូវ៣១៩A និងផ្លូវ៣១៩ B ដើម្បីលើកកម្ពស់សោភណ្ឌភាពដែលជាការ ជួយឧបត្ថម្ភដោយសប្បុរសជននានា។
ជាមួយគ្នានេះ លោកបានអំពានាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមសហការចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្លាក៏ដូចជាជួយថែរក្សានូវសមិទ្ធផលផ្សេងៗ ដែលយើងមាននៅថ្ងៃនេះទុកប្រើប្រាស់បានយូអង្វែងទៅថ្ងៃក្រោយ។ សូមបញ្ជាក់ថា នៅក្នុងវេទិកាសាធារណៈនេះដែរ ពលរដ្ឋបានលើកឡើងអំពីចំណុចសំខាន់ៗមានដូចជាបញ្ហាអគ្គិសនី ផ្លូវ បញ្ហាដីធ្លី និងសត្វពាហនៈ បញ្ហាសំបុត្រកំណើត ភូមិឃុំមានសុវត្ថិភាពជាដើម។
រាល់ការសំណូមពរ និងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទាំង៣សង្កាត់ នៃក្រុងបាវិតនេះ លោកអភិបាលក្រុង និងមន្ត្រីដែលពាក់ព័ន្ធឡើងបកស្រាយ និងដោះស្រាយសំណូមពរ ទាំងនេះទទួលបានលទ្ធផលល្អប្រសើរផងដែរ៕