(កំពង់ធំ)៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់អ្នកពាក់ព័ន្ធធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
លោក សៅ សុភាព បានអំពាវនាវនេះ ក្នុងនៅក្នុងសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។
សិក្ខាសាលានេះ បានរៀបចំដោយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្រ្តីកងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ធំជិត១០០នាក់ ក្រោមការផ្តួចផ្តើមគំនិតរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
លោកបន្តថា គោលបំណង នៃការរៀបចំសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយនិងបញ្ជៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិព្រមទាំងដើម្បីចូលរួមចំណែកទាំងអស់គ្នា ក្នុងការការពារអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិដើម្បីជាឧត្តមប្រយោជន៍របស់កម្ពុជាតកូនតចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូល និងធ្វើការការពារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពគឺតម្រូវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល នៃផែនការយុទ្ធសាស្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលលោកតែងយកចិត្តទុកដាក់ និងគិតគូរដល់ការការពារ និងអភិរក្សធនធានធម្មជាតិ។
លោកបន្តទៀតថា ស្របតាមគោលបំណង និងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការ អភិវឌ្ឍនិងបន្ថែមលើសិក្ខាសាលាកន្លងមកដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារបរិស្ថាន រួមមាន៖
*ទី១៖ ច្បាប់ពាក់ព័ន្ធនឹងបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ
*ទី២៖ ប្រភេទបទល្មើសបរិស្ថាន និងធនធានធម្មជាតិ
*ទី៣៖ តួនាទីនៃមន្ត្រីនគរបាលយុត្តិធម៏ និងភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធ
*ទី៤៖ ការពង្រឹងការអនុវត្តច្បាប់ទៅតាមនីតិវិធី និងកម្រិតនៃស្ថានទម្ងន់ទោសនៃបទល្មើសធនធានធម្មជាតិ
*ទី៥៖ នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
លោកបន្ថែមថា ការអនុវត្ត និងការពង្រឹងច្បាប់ទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជា៖ ទស្សនទាន នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការលើវិស័យបរិស្ថាន ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិ «អនាម័យ សោភ័ណភាព និងបរិស្ថានល្អ» សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិរបស់តំបន់ការពារធម្មជាតិ សញ្ញាណទូទៅនៃច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ (តំបន់ការពារធម្មជាតិ ព្រៃឈើ ជលផល) ដែលនឹងត្រូវបានសម្របសម្រួលដោយក្រុមអ្នកច្បាប់របស់ក្រសួងបរិស្ថាន។
ចុងក្រោយលោក សៅ សុភាព បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវចិត្តទុកដាក់ស្ដាប់គ្រូឧទេ្ទសដើម្បីយកជាបទពិសោធន៍ក្នុងការអនុវត្តនៅក្នុងការងាររបស់ខ្លួនឲ្យបានល្អប្រសើរ និងត្រឹមត្រូវ៕