(ពោធិ៍សាត់)៖ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមពិធីបុណ្យឡើងរោង លោកតាឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅបូជនីយដ្ឋានឧកញ៉ា ដែលចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីរួមខេត្ត និង មានទីតាំងស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនោះ ក៏មានការចូលរួមរបស់ប្រពលរដ្ឋប្រមាណជិត ២ពាន់នាក់ បានចូលរួមនិងរាប់បាត្រព្រះសង្ឃ ១៥០អង្គ និមន្តមកពីវត្តចំនួន៩ផងដែរ។
លោក ម៉ៅ សោភ័ណ្ឌ ជាអ្នកគ្រប់គ្រងបូជនីយដ្ឋាន បានរាយការណ៍ពីការកសាង ការអភិវឌ្ឍន៍ និងបានជម្រាបជូន អំពីប្រាក់ចំណូល សម្រាប់ធ្វើការរៀបចំកសាងកែលម្អបូជនីយដ្ឋាននេះ ។ លោកបានឱ្យដឹងថា ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ ក្នុងនិងក្រៅខេត្ត តែងតែមកកាន់បូជនីយដ្ឋាន លោកតាឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ក្នុងគោលបំណងសុំសេចក្តីសុខចម្រើន នាំមកនូវភោគផលស្រូវដំណាំ និងលាភសក្ការដល់សង្គមជាតិ និងក្រុមគ្រួសារ។
បើតាមតំណាលរឿងព្រេង លោកតាឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ចាត់ទុកជាវរជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាមជាមួយចោរសៀម ការពារទឹកដី។ រូបរាងកាយលោកតាឧកញ៉ា និងលោកជំទាវ បានលាចាកលោក ទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍ របស់ប្រជាជនទូទាំងខេត្ត ក៏ដូចទូទាំងប្រទេស និង បាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះហើយ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឱ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការងារដាំដុះគ្មានគ្រោះមហន្តរាយ៕