(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប្រទេសទី១ ដែលបាននាំចេញកង់ច្រើនជាងគេ ទៅកាន់សហគមន៍អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់នាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែលលោក ហេង សុគង់ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។
លោក ហេង សុគង់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអនុញ្ញាតជម្រាបជូនថា កម្ពុជារបស់យើង បើនិយាយអំពីឧស្សាហកម្មផលិតកង់ បាននាំចេញទៅពិភពលោក គឺចំណាត់ថ្នាក់លេខ៥ ពិភពលោក ហើយជាប់ចំណាត់ថ្នាក់លេខ១ នាំចេញទៅសហគមន៍អ៊ឺរ៉ុប»។
បន្ថែមពីនោះទៀត លោក ហេង សុគង់ បានឲ្យដឹងថា «ឧស្សាហកម្មកង់ យើងមាន១៣រោងចក្រ ក្នុងនោះនៅខេត្តស្វាយរៀង ១២រោងចក្រ និងនៅខេត្តកណ្តាល១រោងចក្រ មានដើមទុនវិនិយោគ១១២លានដុល្លារអាមេរិក នាំចេញកង់បានច្រើនជាងគេលើពិភពលោក គ្រាន់តែដើមឆ្នាំ២០២២ (ខែមិថុនា ) ផលិត និងលក់បានសរុប ៥២០លានដុល្លារ ក្នុងនោះនាំចេញ ៥០៥លានដុល្លារ និងក្នុងស្រុក១៥លានដុល្លារ»។
លោក ហេង សុគង់ បានលើកឡើងថា មុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញទៅសហគមន៍អឺរ៉ុប ជាប់លំដាប់លេខ១ បន្ទាប់មកទៀត ចិនតៃប៉ិ ជាប់លំដាប់លេខ២ ហើយបណ្ដាលប្រទេសមួយចំនួនទៀតជាបន្តបន្ទាប់។
លោក ហេង សុគង់ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ប្រទេសកម្ពុជា ក្លាយជាប្រទេសទី១ ដែលនាំចេញកង់ច្រើនជាងគេ ទៅកាន់សហគមន៍អឺរ៉ុប រហូតមកដល់២៤ភាគរយ នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន ចំនួន១៧ភាគរយ និងចិនតៃប៉ិ ចំនួន១១ភាគរយ។
លោកបានគូសបញ្ជាក់ថា កម្ពុជាបានឈានមុខគេ ក្នុងការនាំចេញកង់ ហើយការនាំចេញកង់នេះ ក៏បានជួយកម្ពុជាទទួលនូវចំណូលយ៉ាងច្រើន សម្រាប់ប្រទេសជាតិផងដែរ។
ទីផ្សារគោលដៅដែលកម្ពុជា នាំចេញរួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម -ល-៕