(ភ្នំពេញ)៖ ព្រឹត្តិការណ៍វប្បធម៌វៀតណាមនៅកម្ពុជា ជួយផ្តល់ឱកាសដល់ប្រជាជនប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក។ នេះបើតាមការថ្លែង របស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានបើកនូវព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា ឆ្នាំ២០២២» នៅសាលសន្និសីទចតុម្មុខ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។
ពិធីបើកនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា និងមានការចូលរួមពីសំណាក់ លោក ហ័ង ដាវគឿង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ថែមទៀតផងដែរ។
តាមរយៈសុន្ទរកថារបស់ខ្លួន លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ បានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងបងប្អូន ភូមិផងរបងជាមួយរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញពីជំងឺរាតត្បាត»។
លោកស្រីបន្តថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ។ អនុលោមតាមកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងជំនាញនៃប្រទេសទាំងពីរ សម្រាប់ឆ្នាំ២០១៨-២០២២ សប្តាហ៍វប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌កម្ពុជា ត្រូវបានរៀបចំជាបន្តបន្ទាប់ ក្នុងខែសីហា និងខែកញ្ញាក្នុងឆ្នាំនេះ។
ជាមួយគ្នានេះ លោក ហ័ង ដាវគួង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានថ្លែងថា វៀតណាមនិងកម្ពុជា មានទំនាក់ទំនងជាសាមគ្គីភាព មិត្តភាពបែបប្រពៃណី និងជាអ្នកភូមិផងរបងជាមួយគ្នា។
លោកបន្តថា «សម្រាប់ទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍ យើងមានក្តីសោមនស្សបានឃើញជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ ដែលមានការវិវឌ្ឍកាន់តែខ្លាំងឡើង និងត្រូវបានបណ្តុះក្នុងវិធីសាស្ត្រដ៏ស៊ីជម្រៅនិងជាក់ស្តែង។ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗ ដែលចូលរួមការនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។
លោកបន្ថែមថា សកម្មភាពវប្បធម៌នានារបស់ប្រទេសទាំងពីរ ដែលត្រូវបានរៀបចំជាទៀងទាត់ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមក ដែលផ្តល់ឱ្យនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដែលបង្កប់នូវតម្លៃវប្បធម៌ប្រពៃណីកម្ពុជា និងនៅទីក្រុងសៀមរាប-ទីក្រុងវប្បធម៌អាស៊ាន ដែលបេតិកភណ្ឌវប្បធម៌ពិភពលោកជាច្រើនត្រូវបានអភិរក្ស៕