(ភ្នំពេញ)៖ នៅសាលប្រជុំសាលាខណ្ឌដង្កោ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល អភិបាលខណ្ឌដង្កោ។
ពិធីនេះ ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ,មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ,តំណាងអធិការនគរបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះខណ្ឌ, ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់, នាយកអនុវិទ្យាល័យ និងបឋមសិក្សា, ប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិដង្កោ,ប្រធានមណ្ឌលសុខភាព និងលោក លោកស្រី មេភូមិ អនុប្រធានភូមិ អង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៤៤៥នាក់, ស្រី ១៨៧នាក់។
នៅក្នុងវេទិកា ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរនិងសំណើ ចំនួន ៥០សំណើ ដាក់ជូនគណ:អធិបតីដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន ០៣ និងសំណើលាយល័ក្ខអក្សរ ចំនួន ៤៧។
គណៈអធិបតីបាន ធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយជាក់ស្តែង តាមសំណើនិមួយៗរបស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសបើកវេទិកានោះផងដែរ លោក រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវអាហារសម្រន់ ចែកជូនដល់សមាជិកចូលរួមទាំងអស់ បានបរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕