(សៀមរាប)៖ អាចនិយាយថាប្លែកពីសៀវភៅដទៃៗទៀត ដោយសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី ដែលជាសៀវភៅពិពណ៌នាបែបសារព័ត៌មាន ត្រូវបាននាំទៅផ្សព្វផ្សាយនិងពិភាក្សាដេញដោលចោទឆ្លើយយ៉ាងទូលំទូលាយរវាងអ្នកនិពន្ធសៀវភៅ តួអង្គក្នុងសៀវភៅ អ្នកវិភាគនិងជាអ្នកនិពន្ធសៀវភៅជើងចាស់ ជាមួយអ្នកសារព័ត៌មាន អ្នកអាន ក៏ដូចជាសាធារណជនទូទៅ។
វេទិកាពិភាក្សាចោទឆ្លើយនេះរៀបចំដោយសារព័ត៌មានអេឡិចត្រនិកថ្មីៗនៅផ្សារទំនើប Heritage ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាមួយវត្តមានលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានអេឡិចត្រនិកថ្មីៗ លោក លាង ដឺលុច អគ្គនាយកសារព័ត៌មានអេឡិចត្រនិកថ្មីៗ ដែលជាអ្នកនិពន្ធសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី (ចូលរួមតាមរយៈប្រព័ន្ធវីដេអូ Zoom) ពិសេសតួអង្គក្នុងសៀវភៅនេះ គឺលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស្សង់ ហ្វ្រង់ស្វ័រ តាន់ ជាអ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយនិងជាអ្នកនិពន្ធសៀវភៅជើងចាស់ល្បីល្បាញមួយរូប លោក ប៉ែន បូណា អ្នកសម្របសម្រួលក្នុងកម្មវិធីដ៏ល្បី ព្រមទាំងអ្នកសារព័ត៌មានចម្រុះស្ថាប័ន និងសាធាណរជនជាច្រើននាក់ទៀត។
លោក លាង ដឺលុច បានឱ្យដឹងថា មុនសរសេរសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានីនេះ លោកបានតាមដានពីសកម្មភាពការងារ ចរិតលក្ខណៈរបស់លោក ហ៊ុន ម៉ានី តែលោក ហ៊ុន ម៉ានី មិនដឹងថាលោកតាមដានខ្លួននោះទេ។ ទើបតែនៅឆ្នាំ២០១៩ លោកក៏បានតាំងចិត្តសរសេរសៀវភៅនេះឡើង។ លោកបានសារភាពថា សៀវភៅនេះគឺជាការពិពណ៌នាបែបសារព័ត៌មាន ដោយសារតែលោកមានបទពិសោធន៍យូរឆ្នាំលើវិស័យព័ត៌មាននេះ។
លោក លាង ដឺលុច បានបន្តថា ថ្វីដ្បិតជាសិល្បៈនៃការសរសេរ ប៉ុន្តែខ្លឹមសារទាំងឡាយក្នុងសៀវភៅនេះគឺផ្ដោតលើសកម្មភាពជាក់ស្ដែង ចក្ខុវិស័យទៅកាន់អនាគតរបស់តួអង្គក្នុងសៀវភៅ ដែលលោកបានប្រើពាក្យ «ក្ដីសង្ឃឹម» នៅលើចំណងជើង។
លោក ដឺលុច បានបញ្ជាក់ថា ការណ៍ដែលលោកខិតខំសម្រេចស្នាដៃនេះឡើង មិនមែនចង់យកចិត្តលោក ហ៊ុន ម៉ានី ដែលជាកូនរបស់នាយករដ្ឋមន្ត្រីនោះទេ តែលោកចង់ផ្តោតសំខាន់ទៅលើកិច្ចខិតខំ សកម្មភាពការងារ វិន័យ គុណធម៌ ភាពម៉ឺងម៉ាត់ហ្មត់ចត់ ពិសេសគឺចក្ខុវិស័យដើម្បីជាតិនិងប្រជាជនកម្ពុជា ក្នុងនាមលោក ហ៊ុន ម៉ានី ជាអ្នកនយោបាយមួយរូបដែលខិតខំបន្តឆន្ទៈរបស់ឪពុកក្នុងការចូលរួមកសាងប្រទេសដ៏កម្សត់មួយនេះ។ ពាក្យប្រទេសដ៏កម្សត់ក្នុងសៀវភៅនេះ គឺប្រទេសដែលងើបចេញពីសង្គ្រាម ការបំផ្លិចបំផ្លាញសឹងតែគ្រប់បែបយ៉ាង នាមុនកំណើតរបស់តួអង្គក្នុងសៀវភៅនេះ។
លោក លាង ដឺលុច ក៏មានបំណងចង់ឱ្យយុវជនជំនាន់ក្រោយងាកមកនិយមអានសៀវភៅ ហើយព្យាយាមដកស្រង់យកចំណុចល្អៗ គំរូល្អៗរបស់តួអង្គក្នុងសៀវភៅយកទៅអនុវត្តប្រើប្រាស់ក្នុងជីវភាពរស់នៅ ពិសេសគឺបណ្ដុះមនសិកាជាតិក្នុងនាមជាកម្លាំងកសាងសង្គមមួយ។
លោក ហ៊ុន ម៉ានី តួអង្គក្នុងសៀវភៅបានបញ្ជាក់ថា លោកមិនដែលកៀបសង្កត់លើសិទ្ធិក្នុងការសរសេរសៀវភៅរបស់លោក លាង ដឺលុច ឡើយ ពីព្រោះលោកបានស្វែងយល់ពីខ្លួនឯងបន្ថែម ហើយលោកសង្ឃឹមថាតាមរយៈសៀវភៅនេះនឹងចែករំលែកស្មារតីក្នុងការបន្តមនសិកាស្នេហាជាតិដល់យុវជន។
លោក ហ៊ុន ម៉ានី បានអះអាងថា រឿងរ៉ាវនៅក្នុងសៀវភៅនេះ មិនមែនកើតចេញពីការនិពន្ធគ្រាន់នឹកឃើញសរសេរទេ តែជាកើតចេញពីជីវប្រវត្តិ ប្រវត្តិសិក្សា ប្រវត្តិការងារ ឆន្ទៈ សកម្មភាព និងចក្ខុវិស័យទៅថ្ងៃអនាគត។ លោកថ្លែងថា «ការងារ សកម្មភាព ឆន្ទៈ និងចក្ខុវិស័យដើម្បីជាតិ គឺធ្វើបន្តពីពុក»។
លោក ស្សង់ ហ្វ្រង់ស្វ័រ តាន់ បានពោលពាក្យដំបូងរបស់លោកថា «សៀវភៅនេះល្អ! ល្អមែនទែន!»។ អ្វីដែលលោកបានឃើញនៅក្នុងសៀវភៅនេះ គឺសរសេរចេញពីការស៉ើបអង្កេត បទយកការណ៍ បទសម្ភាស ដូច្នេះបានន័យថា មិនមែនសរសេរចេញពីចិត្តអ្នកនិពន្ធសុទ្ធសាធនោះទេ គឺសរសេរពីសម្ដីរបស់តួអង្គ និងអ្នកពាក់ព័ន្ធជាមួយតួអង្គ។
សូមជម្រាបថា សៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី មានកម្រាស់ជាង២៥០ទំព័រ រួមមាន៤ជំពូក។ ការបោះពុម្ភលើកទី១ គឺមានចំនួនដល់ទៅ១០,០០០ច្បាប់។
នៅក្នុងខ្លឹមសារនៃសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានីនេះបានឱ្យអ្នកអានដឹងពីព័ត៌មានជាច្រើនពីចរិតលក្ខណៈ បែបបទនៃការអនុវត្តការងាររបស់លោក ហ៊ុន ម៉ានី ព្រឹត្តិការណ៍សង្គ្រាម នយោបាយ និងភាពលំបាកវេទនានៅកម្ពុជាមុនកំណើតលោក ហ៊ុន ម៉ានី ប៉ុន្មានឆ្នាំ ជីវប្រវត្តិតាំងពីថ្ងៃកំណើត កុមារភាព ការសិក្សានៅបរទេស រហូតដល់ការបំពេញការងារក្នុងនាមជាអ្នកនយោបាយមួយរូប។ ក៏មានបញ្ជាក់ដែរនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជានាសម័យសង្គ្រាមស៉ីវិលរហូតដល់សម័យសុខសន្តិភាពនេះ ក្នុងគឺមានបញ្ជាក់យ៉ាងច្បាស់លាស់នូវកាលបរិច្ឆេទ ទីតាំង បុព្វហេតុ និងរឿងរ៉ាវច្រើនទៀតដែលយុវជនភាគច្រើនមិនបានដឹង។ អ្នកអានក៏នឹងដឹងពីសកម្មភាពការងារ និងកិច្ចខិតខំរបស់លោក ហ៊ុន ម៉ានី ក្នុងនាមជាកូនដែលបន្តឆន្ទៈពីឪពុក ជាអ្នកនយោបាយមួយរូបដែលគិតគូរខ្ពស់ពីប្រទេសជាតិ ពិសេសគឺយុវជន។
ប្រសិនបើកត់សម្គាល់នៅដើមដំបូងនេះសៀវភៅនេះ លោក ហ៊ុន ម៉ានី ធ្វើការច្រើនតែសប្បាយតិច។ លោក ហ៊ុន ម៉ានី ជាកូនរបស់នាយករដ្ឋមន្ត្រីទាំងមូល តែមិនចូលចិត្តអន្តរាគមន៍ជួយបុគ្គលដែលគិតតែពីផលប្រយោជន៍ខ្លួន ហើយនាំរឿងរវល់ដល់គេដល់ឯងនោះឡើយ៕