(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាមហាជន និងជាប្រធានគណៈចលនាសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីជប់លៀងភោជនីយាហារទទួលស្វាគមន៍ជូនដល់គណៈប្រតិភូនៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅសណ្ឋាគារភ្នំពេញ។

គណៈប្រតិភូនៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម បាន និងកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៥ថ្ងៃ ពីថ្ងៃទី៩-១៣ ខែសីហា ឆ្នាំ២០២២។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នា នៅគ្រប់កាលៈទេសៈទាំងអស់។

លោកលើកឡើងថា ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរពិតជាជ្រាលជ្រៅ តាំងពីសម័យតស៊ូប្រយុទ្ធកៀកស្មាគ្នាដណ្តើមឯករាជ្យពីសម័យ​អាណានិគមបារាំងរហូតដល់​ការជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហម ហើយបន្តកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករហូតដល់បច្ចុប្បន្ន។

លោកបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា សូម្បីតែថ្មីៗកន្លងទៅនេះវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានបង្កវិបត្តិយ៉ាងធំធេងដល់សុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័សប្រកបដោយទំនួលខុសត្រូវខ្ពស់ ទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាព រួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

លោកបានបន្ថែមថា ប្រទេសយើងទាំងពីរ ពិតជាមានមោទនភាពណាស់ ដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងគណៈចលនាមហាជននៃមជ្ឈិម​បក្សកុម្មុយនីស្ត​វៀតណាម និងគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យមានការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរអង្វែង» ។

លោកបណ្ឌិត ក៏បានជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់។

ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ លោក ផាម តឹត ថាំង (Pham Tat Thang) សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុប្រធានប្រចាំការគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានចូលរួមចំណែកធ្វើអោយចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕