(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានបើកនូវព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា ឆ្នាំ២០២២» នៅសាលសន្និសីទចតុម្មុខ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។
ពិធីបើកនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីសំណាក់ លោក ហ័ង ដាវគឿង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ថែមទៀតផងដែរ។
ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ មានការសម្តែងសិល្បៈចម្រុះ ដែលកើតចេញពីកិច្ចសហការគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាផងដែរ៕