(ភ្នំពេញ)៖ នគរបាលក្លែងក្លាយម្នាក់ដែលបន្លំជាមន្ដ្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយមានឈ្មោះនៅក្នុងអត្តសញ្ញាណប័ណ្ណនគរបាល (ក្លែងក្លាយ) ឈ្មោះ អៃ សំអាន មិនបានជាប់ពាក់ព័ន្ធជាមួយលោកឧត្តមសេនីយ៍ត្រី អៃ សំអាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះឡើយ ពោលមនុស្សពីរនាក់ផ្សេងគ្នា គ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណោះ។
មន្ដ្រីជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បន្ទាប់ពីចាប់ខ្លួនបុគ្គលម្នាក់ដែលក្លែងជានគរបាល ហើយឈ្មោះ អៃ សំអាននោះ មានសាធារណៈជនមួយចំនួនយល់ច្រឡំថា លោកឧត្តមសេនីយ៍ត្រី អៃ សំអាន ដែលបច្ចុប្បន្នជាអនុប្រធាននាយកដ្ឋាននគរបាលនគរបាលចរាចរណ៍។
មន្ដ្រីជាន់ខ្ពស់ដដែលអះអាងទៀតថា លោកឧត្តមសេនីយ៍ត្រី អៃ សំអាន ជាថ្នាក់ដឹកនាំនគរបាលម្នាក់ នៅក្នុងនាយកដ្ឋាន ហើយមានភាពស្អាតស្អំមិនជាប់ព័ន្ធជាមួយបុគ្គលប្រព្រឹត្តបទល្មើសណាមួយនោះទេ ពោលលោកអនុវត្តតាមយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវទៅតាមតួនាទីភារកិច្ច ដែលអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រគល់ជូន មិនដែលមានកំហុសឆ្គងម្ដងណាឡើយ។
សូមរំលឹកថា ការចេញមកបកស្រាយរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឡើងបន្ទាប់ពីជនសង្ស័យម្នាក់ឈ្មោះ អៃ សំអាន ដែលក្លែងបន្លំ ជាមន្ត្រីនគរបាលនៃមន្ទីរបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនបន្តមកឲ្យកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំកម្លាំងចុះស្រាវជ្រាវករណីក្លែងបន្លំនគរបាលនេះ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះថា ជនសង្ស័យមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស ដែលឈ្មោះក្នុងកាតនគរបាលជាតិ គឺឈ្មោះ អៃ សំអាន ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅអធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល៕