(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក ផាម តាតថាង សមាជិក នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះក៏មានការចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី, លោក កើត ឆែ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះកងទ័ពវៀតណាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប៉ុល ពត។ លោកថា «ប្រទេសជិតខាងយើងល្អនឹងគ្នា យើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចការរំដោះប្រជាពលរដ្ឋចេញពីប៉ុល ពតនេះឯង»។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា ផ្តើមចេញពីការរំដោះប្រទេសចេញពីចំណុចសូន្យនេះ កម្ពុជាបានឈានទៅរកបាន សន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលនាំឲ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍប្រទេសរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
លោក ឃួង ស្រេង ក៏បានថ្លែងការកោតសរសើរចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោក ផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា-វៀតណាម បានយ៉ាងល្អ និងបានគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍន៍រាជធានីភ្នំពេញ។
លោកបានបន្តទៀតថា ផ្តើមចេញពីផ្លែផ្កានៃការពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា-វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទម្លាប់ល្អៗទាំងនេះ បន្តទៅឲ្យយុវជនកម្ពុជាជំនន់ក្រោយទៀត គឺរក្សាឲ្យបានយូរអង្វែង។
លោក ផាម តាត ថាង ក្នុងឱកាសនោះ ក៏បានលើកឡើងអំពីសភាពការណ៍សេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសវៀតណាម និងបានលើកឡើងពីការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង ជាអភិបាល និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា៕