(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម ដើម្បីពិភាក្សា ស្វែងរកដំណោះស្រាយចំពោះសំណើ និងកង្វល់ដែលស្នើឡើងដោយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងក្របខ័ណ្ឌនៃការចូលរួមរបស់វិស័យឯកជននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
កិច្ចពិភាក្សាបានផ្តោតជាចំបងលើ វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងពន្ធដារ ជាពិសេស លើការងារបច្ចេកទេស ពាក់ព័ន្ធជាមួយនឹងនិយ័តករគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ និងស្តង់ដារបាយការណ៍ ហិរញ្ញវត្ថុកម្ពុជា (CIFRS), សទ្ទានុ ក្រមគណនេយ្យ និងសវនកម្មកម្ពុជា ជាភាសាខ្មែរ, កម្មវិធីសិក្សា និងការបណ្តុះបណ្តាលជំនាញគណនេយ្យ និងសវនកម្ម (Cambodia CPA Curriculum), កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ), និងកម្មវិធីផ្សេងៗ ទៀតដែលជាផលិតផល របស់និយ័តករគណនេយ្យ និងសវនកម្ម និងពន្ធដារ ជាដើម ។
អគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំឲ្យអង្គភាពពាក់ព័ន្ធសហការ និងធ្វើការងារលម្អិតបន្ថែមជាមួយសមាគម ដើម្បីដោះស្រាយកង្វល់ដែលបានលើកឡើងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឆ្លៀតឱកាសនេះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ៕