(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃជូនដល់គ្រូបង្ហាត់ និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោក ទេព នីថា បានថ្លែងថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ព្រោះបញ្ជីបោះឆ្នោតជាតម្រូវការចាំបាច់ មិនអាចខ្វះបាន ហេតុនេះហើយ ទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផល នៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងច្រើនអំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលកត្តានេះត្រូវបាន លោកអគ្គលេខាធិការ គ.ជ.ប ចាត់ទុកថាជាភាពវិជ្ជមាន សម្រាប់មន្ត្រីបោះឆ្នោតដែលមានភារកិច្ចត្រូវអនុវត្តការងារនេះ នាពេលខាងមុខដ៏ខ្លី។
លោក ទេព នីថា បញ្ជាក់ទៀតថា គ្រូបង្ហាត់ គ.ជ.ប ដែលនឹងត្រូវផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្ត្រី នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខអេលខាងមុខត្រូវធ្វើការណែនាំរំលឹកបន្ថែមដល់មន្ត្រីឲ្យយកចិត្តទុកដាក់អនុវត្តការងារមួយចំនួន ដូចខាងក្រោម៖
* ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរដែនដី លើការងារស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ដើម្បីឲ្យតួលេខប៉ាន់ស្មាននេះមានសង្គតិភាពគ្នាលើផែនការ និងស្ថានភាពជាក់ស្ដែង
* ត្រូវកំណត់ទីតាំង ឬកែសម្រួលទីតាំងការិយាល័យបោះឆ្នោតឲ្យបានច្បាស់លាស់ សមស្របនិងធានាសុវត្ថិភាពសម្រាប់ពេលបោះឆ្នោត
* ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលទាន់ពេលវេលា ក្នុងការផ្តល់ឯកសារជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត
* ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការចុះឈ្មោះបោះឆ្នោតពីឃុំ សង្កាត់
ក្នុងរាជធានី ខេត្ត
* បន្តយកចិត្តទុកដាក់តាមដាន និងក្តាប់សភាពការណ៍ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសភាពការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានី-ខេត្តរបស់ខ្លួន និងលើកសំណើជូន គ.ជ.ប ដើម្បីចាត់វិធានការសមស្រប និងតាមស្ថានភាពជាក់ស្ដែង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត។
លោក ទេព នីថា បានណែនាំដល់គ្រូបង្ហាត់ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈ ដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់ គ.ជ.ប ជូនលធខប តំណាងគណបក្សនយោបាយ តំណាងអង្គការសង្កេតការណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀតតាមផែនការ និងប្រតិទិនដែលបានកំណត់។ លោកក៏បានជំរុញដល់អង្គភាពជំនាញ ត្រូវយកចិត្តទុកដាក់ណែនាំដល់លធ.ខប អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប៕