(ព្រះសីហនុ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីឡានក្រឡុកបេតុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 5A-1063 ដែលមានផ្ទុកបេតុងលាយស្រេចហើយនោះ បានក្រឡាប់ផ្ងារជើងនៅត្រង់ចំណោទផ្លូវកោង ស្ថិតក្នុងផ្លូវលេខ៨២៧ (ផ្លូវអូ៣ រោងចក្រទឹកកក) ភូមិទី៥ សង្កាត់ទី៤ ក្រុង-ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ថា រថយន្តខាងលើបើកបរចេញពីផ្លូវជាតិលេខ៤ ចុះមកចំណោទផ្លូវលេខ៨២៧ ដោយក្នុងស៊ីទែនមានផ្ទុកស៊ីម៉ង់ត៍ធ្ងន់ផង ក៏ដាច់ហ្វ្រាំង រួចរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងបណ្តាលឲ្យខូតខាតឃឿនផ្លូវ និងហៀរចេញបេតុងទៅលើផ្លូវសាធារណៈ។
ប្រជាពលរដ្ឋ បានបន្តទៀតថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្ស ឬអ្នកធ្វើដំណើរនៅលើផ្លូវមានគ្រោះថ្នាក់នោះទេ។ ភ្លាមៗនោះខាងសមត្ថកិច្ចចរាចរណ៍ បានចុះធ្វើអន្តរាគមន៍ និងសម្រួលចរាចរណ៍ដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។ ក្រោយមកខាងក្រុមហ៊ុនក្រឡុកបេតុង បានបញ្ជូនឡានស្ទូចយករថយន្តនោះឡើងពីកន្លែងកើតហេតុ។
យ៉ាងណាមិញជុំវិញករណីខាងលើ រង់ចាំសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងដោះស្រាយតាមនិតិវិធីនៅពេលក្រោយ៕