(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលក្លែងបន្លំ ជាមន្ត្រីនគរបាលនៃមន្ទីរបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួន បញ្ជូនបន្តមកឲ្យកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំកម្លាំងចុះស្រាវជ្រាវករណីក្លែងបន្លំនគរបាលនេះ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះថា ជនសង្ស័យមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស ដែលឈ្មោះក្នុងកាតនគរបាលជាតិ គឺឈ្មោះ ហៃ សំអាន ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅអធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល។
តាមចម្លើយសារភាពរបស់នគរបាលក្លែងក្លាយរូបនេះបានឲ្យដឹងថា រូបគេស្គាល់មន្ត្រីនគរបាលម្នាក់ ឈ្មោះ អ៊ូច ចំរើន អះអាងជានគរបាលផ្កាយ១ នៅនាយកដ្ឋានបុគ្គលិក (នគរបាលក្លែងក្លាយ) ជាអ្នករត់ការជួយឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ដែលដំបូងឡើយចូលធ្វើទាហាន ក្រោយមកប្តូរមកនគរបាលវិញ ចុងក្រោយផ្ទេរមកជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកស៊ើបអង្កេត ប៉ុន្តែរូបគេមិនដែលបានធ្វើសកម្មភាពអ្វីនោះទេ។ ជនសង្ស័យបានសារភាពទៀតថា កន្លងមករូបគេធ្លាប់បានចូលរួមជាកម្លាំងសម្ងាត់ ចុះចាប់មុខសញ្ញាលក់គ្រឿងញៀន នៅស្រុកពញាឮ និងស្រុកឧដុង្គ សរុបចំនួន៣ករណីផងដែរ។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបន្ថែមថា ចំពោះករណីឈ្មោះ ផាន់ សុវណ្ណ នេះ ជាករណីក្លែងបន្លំជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ចំណែកឈ្មោះ អ៊ូច ចំរើន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ គឺជាមេក្លោង និងអ្នករៀបចំឲ្យ ឈ្មោះ ផាន់ សុវណ្ណ ប្រព្រឹត្តិសកម្មភាព ក្លែងជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ការិយាល័យក១) ដែលពុំទាន់បានឃាត់ខ្លួននៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាន់ សុវណ្ណ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕