(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថា កម្មករ និយោជិតដែលចូលនិវត្តន៍ គឺអាចទទួលបានប្រាក់សោធនដូចមន្ត្រីរាជការដែរចាប់ពីចុងឆ្នាំ២០២២នេះតទៅ ដូច្នេះបងប្អូនអាចរស់នៅបានសុខស្រួល ពេលដែលបញ្ចប់ការងារនៅតាមបណ្តារោងចក្រ សហគ្រាស។
ការថ្លែងដូច្នេះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ គ្រាដែលលោកបានអញ្ជើញជួបសំណេះសំណាល និងបើកការផ្សព្សព្វផ្សាយបេឡាជាតិរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ជាមួយបងប្អូន កម្មករ និយោជិត នៅរោងចក្រ Wha Sun H.K Co.,Ltd ដែលមានកម្មករ និយោជិតប្រមាណជិត៥,០០០នាក់។
លោក វ៉ី សំណាង បានលើកឡើងថា សុខសន្តិភាព បានបង្កលក្ខណៈងាយស្រួល និងឱកាសដល់អ្នកវិនិយោគជាច្រើនមករកស៊ីក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបងប្អូន កូនក្មួយ មានការងារធ្វើគ្រប់ៗគ្នា ហើយតាមរយៈការងារនេះដែរ គឺបានជួយជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យបានរីកចម្រើនផងដែរ។
លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ទន្ទឹមនិងឱកាសការងារដែលបងប្អូន កូនក្មួយបាននិងកំពុងធ្វើសព្វថ្ងៃនេះ កន្លងមកគឺមិនដែលទទួលបានប្រាក់សោធនក្រោយចូលនិវត្តន៍ការងារនោះទេ តែក្រោមការគិតគូគ្រប់ជ្រុងជ្រោយ និងគ្រប់ច្រកល្ហករបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធានាដល់ហានិភ័យការងារ មានសេវាសុខាភិបាលសាធារណៈគ្រប់គ្រាន់ ព្យាបាលដោយមិនអស់ប្រាក់ ហើយពេលនេះ ប្អូនៗ កូន ក្មួយ មានសេវាផ្នែកប្រាក់សោធនទៀត ដែលបានធ្វើឱ្យបងប្អូន កូនក្មួយ អាចចូលនិវត្តន៍ (រ៉ឺត្រែត) បានដូចមន្ត្រីរាជការផងដែរ។
លោកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងតែរៀបចំកិច្ចប្រជុំត្រីភាគី ដើម្បីគិតគូរដំឡើងប្រាក់ឈ្នួលជូនបងប្អូន កូនក្មួយ កម្មករ និយោជិត សម្រាប់ឆ្នាំ២០២៣នេះជាបន្តទៀត។ ទាំងអស់នេះបានសបញ្ជាក់ពី សមត្ថភាពដ៏ឈ្លាសវៃ និងការគិតគូររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់នៃសុខសន្តិភាព។
បើតាមលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការ៩០ថ្ងៃ ដោយចាត់ឱ្យនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម រាជធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់បងប្អូន កម្មករ និយោជិត ទូទាំងប្រទេសនូវអត្ថប្រយោជន៍ផ្សេងៗជូនដល់ បងប្អូន កម្មករ និយោជិត ក្រោយពីរាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលនឹងចាប់ផ្តើមដំណើរការពីខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងភ្នាក់បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានធ្វើការផ្សព្វផ្សាយស្តីពីប្រាក់សោធន ជូនដល់ កម្មករ និយោជិត បានចំនួន ៣៦រោងចក្រ សហគ្រាស និងបានផ្សព្វផ្សាយជូន កម្មករ និយោជិតបានជាង៥ម៉ឺននាក់រួចហើយ៕