(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការ អនុសាខាក្រុងស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីលទ្ធផលការងារដែលបានសម្រេចប្រចាំឆមាសទី១ ឆ្នាំ២០២២រួចមក លោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ អនុសាខាដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព និងសម្រេចបានលទ្ធផល គួរឱ្យកត់សំគាល់។
លោកបានណែនាំអំពីវិធានការមួយចំនួនដូចជា៖ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាពទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះពេលមានគ្រោះអាសន្នគ្រោះមហន្តរាយ កើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរឡើយ។
លោកបានបញ្ជាក់ថា «ទន្ទឹមនេះ យើងត្រូវបន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លង នៃជំងឺរាតត្បាតនានាទាំងជំងឺគ្រុនឈីក គ្រុនឈាម រួមទាំងជំងឺកូវីដតាមមូលដ្ឋានភូមិឃុំស្រុក និងត្រូវបង្កើនការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមឱ្យកាន់តែទូលំទូលាយ អំពីសកម្មភាព បេសសកកម្មដែលសាខាកំពុងអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយអប់រំបញ្ហានានាដែលកើតមាននៅក្នុងសង្គម ព្រោះសាខាកាកបាទក្រហមកម្ពុជា មិនត្រូវតែរួមចំណែកក្នុងការងារមនុស្សធម៌តែមួយមុខទេ តែការងារសង្គមការផ្សព្វផ្សាយក៏ជាភារកិច្ចចាំបាច់របស់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងខេត្តមានការយល់ដឹងផងដែរ។
លោកក៏បានណែនាំដល់អភិបាលក្រុងស្រុក ដែលជាប្រធាន និងអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជានៅតាមក្រុងស្រុកទាំង១៤ ត្រូវតែចុះជាប្រចាំ និងស្រាវជ្រាវរកអ្នកដែលមានការខ្វះខាត ឬត្រូវការជំនួយ ដោយមិនត្រូវទុកជនរងគ្រោះទាំងនោះយូរឡើយ ធ្វើយ៉ាងណាត្រូវគឺត្រូវសង្រ្គោះពួកគាត់ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមលក្ខណៈឱ្យហើយក្នុងការជួយសង្រ្គោះក្នុងរដូវកាលភ្លៀងធ្លាក់នេះ ខ្លាចមានបញ្ហាគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ពិសេសបើសិនមានកើតឡើងករណីគ្រោះទឹកជំនន់ក្នុងរដូវវស្សានេះ៕