(រតនគិរី)៖ ក្នុងទិសដៅត្រៀមលក្ខណៈការពារទុកជាមុននូវគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកស្ថិតនៅក្នុងស្រុកលំផាត់។
នៅក្នុងឱកាស នៃការចុះពិនិត្យស្ថានភាពទឹកនេះ លោក គិត ទ្រី បានជួបប្រជុំជាមួយអាជ្ញាធរស្រុក ដោយបានលើកឡើងថា បើទោះបីជានៅតាមស្រុកដែលនៅតាមបណ្តោយទន្លេ ក៏ដូចជាខេត្តរតនគិរីទាំងមូល មិនទាន់ជួបបញ្ហា ប្រឈមនូវគ្រោះទឹកជំនន់នៅឡើយ ក៏ពិតមែនតែយើងក៏មិនត្រូវមានការធ្វេសប្រហែស បណ្តែតបណ្តោយទុកឲ្យស្ថានការណ៍កើតឡើងទើបយើងរកដំណោះស្រាយនោះទេ។
លោកបន្តថា ជាក់ស្តែងគិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ផ្ទៃមេឃនៅតែមានសភាពអួអ័ព្ទហើយភ្លៀងអាចនឹងបន្តធ្លាក់ទៀត តែនៅក្នុងខេត្តមិនទាន់មានស្រុកដែលនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន្ត មានបញ្ហាប្រឈម និងគ្រោះទឹកជំនន់នោះឡើយ។
លោកបានណែនាំថា ទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ សូមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេបឹង មាត់អូរ អោយពួកគាត់ ត្រូវមានការប្រុងប្រយ័ត្នអំពីទ្រព្យសម្បត្តិ សត្វគោ ក្របី ជ្រូក មាន់ ទា និងត្រូវអប់រំណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាសចៀសវាងនាំឲ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ជាពិសេសត្រូវបន្តតាមដានឲ្យបានជាប់ជាប្រចាំពីស្ថានភាពទឹកទន្លេ ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ ប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពគ្រប់ពេលវេលា ប្រសិនបើមានគ្រោះទឹកជំនន់កើតឡើងដោយប្រការណាមួយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ស្ថានភាពជលសាស្រ្ត ទន្លេស្រែពក ទឹកមានកម្ពស់១២ម៉ែត្រគត់ ខណៈដែលចំណុចប្រកាសអាសន្ន១២,៥០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងថា យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) បណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។
តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
*ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ម៉ែត្រ។ ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។
*ទឹកទន្លេនៅតំបន់ភាគឦសាន៖ រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕