(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារប្រតិបត្តិសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា នាំយកកូនឈើធ្នង់ចំនួន ១,០០០ដើម ទៅដាំនៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយអន្ទរ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
លោក សុខ ផេង បានលើកឡើងថា ដើមឈើគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សសត្វនៅលើភពផែនដីយើងនេះ ព្រោះថាដើមឈើវាអាចជួយកាត់បន្ថយកម្ដៅ កាត់បន្ថយជាតិពុល ទាក់ទាញទឹកភ្លៀងបានទេទាត់ មិនឲ្យមានគ្រោះទឹកជំនន់ និងជាទីជម្រកដ៏ពិសិដ្ឋសម្រាប់សត្វព្រៃ។
លោកបន្តថា «ដើមឈើវាផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ដោយដើមឈើស្រូបយកកាបូនឌីអុកស៊ីតនៅពេលវាលូតលាស់ ហើយកាបូនដែលពួកគេរក្សាទុកនៅក្នុងឈើរបស់វាជួយបន្ថយល្បឿននៃការឡើងកំដៅផែនដី។ វាកាត់បន្ថយល្បឿនខ្យល់ និងធ្វើឲ្យត្រជាក់ខ្យល់នៅពេលដែលវាបាត់បង់ជាតិសំណើម»។
លោកក៏បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់ត្រូវបន្តចូលរួមដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះ សាលារៀន ទីសាធារណៈឱ្យបានគ្រប់គ្នា ដោយយ៉ាងហោចណាស់ ក្នុងមួយនាក់ត្រូវដាំដើមឈើឲ្យបានមួយដើម គឺដើម្បីចូលរួមចំណែក ក្នុងការបង្កើនបរិស្ថានល្អ នៅតាមទីវត្តអារាម និងនៅតាមផ្ទះ នៅតាមសាលារៀន និងនៅតាមទីសាធារណៈ ដែលជាផ្នែកមួយក្នុងការចូលរួម ចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ៕